(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បាននិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងកម្លាំងពិសេសអាមេរិក អាចនឹងចូលរួមនៅក្នុងប្រតិបត្តិការមួយដឹកនាំដោយកូរ៉េខាងត្បូង ក្នុងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងករណីសង្គ្រាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។
យោងតាមមន្ត្រីរូបនេះដដែលកងទ័ពកូរ៉េខាងត្បូង នឹងបង្កើតកងអង្គភាពពិសេសមួយដោយយកគំរូតាមសហរដ្ឋអាមេរិកយ៉ាងយូរ នៅឆ្នាំ២០១៧នេះ ហើយកងអង្គភាពនេះទៀតសោតមានភ្នាក់ងារពី ១០០០ ទៅ២០០០នាក់ ដែលនឹងទទួលបន្ទុកធ្វើឃាតមេបញ្ជាការយោធាកូរ៉េខាងជើង រួមទាំងលោក គីម ជុងអ៊ុន នៅក្នុងករណីសង្រ្គាមជាមួយកូរ៉េខាងជើង ត្រូវផ្ទុះឡើងនៅថ្ងៃណាមួយ ខណៈកងអង្គភាពពិសេសអាមេរិកក៏ត្រូវបានគេរំពឹងថា អាចនឹងចូលរួមនៅក្នុង ប្រតិបត្តិការនេះដែរ។ ម្យ៉ាងវិញទៀត បើទោះជាកងអង្គភាពពិសេសនេះ យកគំរូតាមសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែពួកគេនឹងអាចសម្របខ្លួនទៅ តាមបរិយាកាសនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
សូមជំរាបថា បើតាមមន្ត្រីខាងលើក្នុងឆ្នាំ២០១៧នេះ កូរ៉េខាងត្បូង នឹងបង្កើនការធ្វើសមយុទ្ធយោធាជាមួយកងកម្លាំងពិសេសអាមេរិក ហើយដែលការធ្វើសមយុទ្ធយោធានេះ នឹងជំរុញឱ្យកូរ៉េខាងជើង មានលេសបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីល ផ្លោង ដូចដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានធ្វើកន្លងមក៕