(វ៉ាស៊ីនតោន)៖ ការតែងតាំងនាយកប្រតិបត្តិក្រុមហ៊ុនប្រេង ExxonMobil លោក រិច ធៀលលឺសុន (Rex Tillerson) ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក នៃរដ្ឋាភិបាល​របស់លោក ដូណាល់ ត្រាំ មិនទាន់អាចយកជាការបានឡើយ ដោយនៅត្រូវរង់ចាំការ អនុម័តយល់ព្រមពីព្រឹទ្ធសភាអាមេរិកជាមុនសិននៅខែមករានេះ ខណៈអ្នកជំនាញ​មួយចំនួនយល់ថា ​លោក ធៀលលឺសុន អាចនឹងត្រូវបានគេដកបេក្ខភាពពីតំណែងវិញ។ នេះបើតាមអ្នកវិទ្យាសាស្ត្រនយោបាយបារាំង លោក ​ហ្សង់ អេរីគ ប្រាណា (Jean-Eric Branaa) ​ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។

លោក រិច ធៀលលឺសុន ត្រូវបានលោក ដូណាល់​ ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេស កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦។ រីឯក្រុមអ្នកជំនាញមួយចំនួន​ក៏បានជឿជាក់ដែរថា លោក ធៀលលឺសុន អាចនឹងធ្វើឱ្យទំនាក់ទំនង​រុស្ស៊ីនិងសហរដ្ឋអាមេរិក​ប្រសើរឡើងវិញ តាមរយៈការប្រើប្រាស់ទំនាក់ទំនងល្អរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី អ្នកវិទ្យាសាស្ត្រនយោបាយបារាំង លោក ហ្សង់ អេរីគប្រាណា បានកត់សម្គាល់ថា ការតែងតាំងនាយកប្រតិបត្តិក្រុមហ៊ុន​ប្រេងរូបនេះ ជារដ្ឋមន្ត្រីការបរទេស ទំនងនឹងមិនត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តឡើយ។

«បច្ចុប្បន្ន ការតែងតាំងនេះនៅត្រូវរង់ចាំការអនុម័ត ពីព្រឹទ្ធសភាអាមេរិកនិងគណៈកម្មាធិការកិច្ចការបរទេស។ គណៈកម្មាការនេះមានសមាជិក១៩រូប ក្នុងនោះមាន១០រូប មកពីគណបក្សសាធារណរដ្ឋ និង៩រូបទៀតមកពីគណបក្សប្រជាធិបតេយ្យ​​ដែលមានទំនោរជំទាស់​​នឹងការតែងតាំង​លោក ធៀលលឺសុន។ ដូច្នេះនៅ ក្នុងស្ថានភាពបែបនេះ បើសិនជា សមាជិកសាធារណរដ្ឋណាម្នាក់ បោះឆ្នោតជំទាស់នោះ បេក្ខភាពលោក ធៀលលឺសុន នឹងត្រូវចាត់ទុក ជាមោឃៈ ហើយលោកត្រាំ ក៏អាចនឹងជ្រើសបេក្ខភាពផ្សេងទៀតផងដែរ»។ នេះបើតាមសម្ដី លោក ហ្សង់ អេរីគ ប្រាណា នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ប៊ែលហ្សិក RTBF។

សូមជំរាបថា បើតាមលោកហ្សង់ អេរីគ ប្រាណា សេចក្ដីថ្លែងការណ៍នយោបាយរបស់លោក ដូណាល់ ត្រាំ មិនមែនសុទ្ធតែធ្វើឱ្យ សមាជិក បក្សសាធារណរដ្ឋទាំងអស់​ពេញចិត្តនោះទេ ជាឧទាហរណ៍ ព្រឹទ្ធសមាជិកសភា នៃគណបក្សសាធារណរដ្ឋ លោក ចន ម៉ាកខេន (John McCain) ធ្លាប់បានរិះគន់លោកត្រាំ ថាក្បត់កាតព្វកិច្ច​របស់គណបក្សសាធារណរដ្ឋ ហើយក៏គ្មានកន្លែងទំនេរ សម្រាប់លោកត្រាំ នៅក្នុងនយោបាយអាមេរិកនោះដែរ។​ លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់​លោកនឹងចូលស្បថកាន់ តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ៕

លោក រិច ធៀលលឺសុន (Rex Tillerson)