(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក នៅមិនទាន់បានដកការសង្ស័យនៅឡើយទេ ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនៃហេតុការណ៍បាញ់ សម្លាប់មនុស្ស ៥នាក់ ដោយខ្មាន់កាំភ្លើងម្នាក់ជាអតីតយោធាអាមេរិកក្នុងសង្រ្គាមអ៊ីរ៉ាក់ នៅឯអាកាសយានដ្ឋាន Fort Lauderdale ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។
យោងតាម ប៉ូលិសអាមេរិកខ្មាន់កាំភ្លើងមានឈ្មោះថា Esteban Santiago អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗដោយគ្មានការបាញ់ តបតឡើយ និងកំពុងស្ថិតនៅក្រោមការសួរចម្លើយដោយ ប៉ូលិសសហព័ន្ធ FBI។ ដោយឡែក លោក George Piro ជាភ្នាក់ងារ ពិសេសនៃប៉ូលិសFBI ក៏បានឱ្យដឹងដែរថា FBI នឹងបន្តពិនិត្យនិងស៊ើបអង្កេតលើ ហេតុការណ៍បាញ់ប្រហារនេះ ថាតើវាមានជាប់ទាក់ ទិននឹងសកម្មភាពភេរវកម្មដែរ ឬយ៉ាងណា? លោក George Piro ថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងបន្តស៊ើបអង្កេតលើករណីបាញ់ ប្រហារនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាវាមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករដែរឬទេ ឬក៏អ្នកនៅពីក្រោយ និងចេតនាពិតប្រាកដ នៃការវាយប្រហារនេះ»។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើង Estenban Santiago ជាអ្នករស់នៅក្នុងរដ្ឋ Alaska ហើយធ្លាប់បានបំរើការជាមន្ត្រីសន្តិសុខជាតិ និងធ្លាប់ធ្វើដំណើរទៅកាន់សមរភូមិ នៅប្រទេសអ៊ីរ៉ាក់។ Santiago អាចប្រឈមមុខនឹងការផ្តន្ទាទោសជាអតិបរាម៉ា ក្នុងនោះរួមមានទាំង ការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិអំពើហឹង្សាធ្ងន់ធ្ងរតាមរយៈការប្រើ ប្រាស់កាំភ្លើងបណ្ដាលមនុស្ស៥នាក់ស្លាប់ និងរបួសសរុបជាង ៤៥នាក់។ នេះបើតាមក្រុមអគ្គរដ្ឋអាជ្ញាអាមេរិកនៅថ្ងៃអាទិត្យនេះ៕