(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសអង់គ្លេស លោក ថេ យុងហូ (Thae Yong-ho) បាននិយាយនៅថ្ងៃអាទិត្យនេះថា របបដឹកនាំក្រុងព្យុងយ៉ាង កំពុងប្រឹងប្រែងអភិវឌ្ឍឱ្យបានសម្រេច មីស៊ីលឆ្លងអន្តរទ្វីប ICBM ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៧ ឬក៏នៅដើមឆ្នាំ២០១៨។ ប៉ុន្តែទន្ទឹមគ្នានោះដែរ លោក ថេ យុងហូ ក៏បាន បញ្ជាក់ដែរថាការបាញ់សាកល្បងមីស៊ីល ICBM នៅក្នុងឆ្នាំនេះ គឺអាស័្រយទៅលើ ទង្វើរបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក ថេ យុងហូ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ លោក ថេ យុនហូ ដែលកំពុងជ្រកកោននៅកូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះថា៖ «កូរ៉េខាងជើង មានគោលបំណងអភិវឌ្ឍឱ្យបានជោគជ័យ មីស៊ីលផ្លោង ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ ២០១៧ ឬក៏នៅដើមឆ្នាំ២០១៨ (...) ក៏ប៉ុន្តែកូរ៉េខាងជើង នឹងឬមិនអនុវត្ត ការបាញ់សាកល្បងមីស៊ីលផ្លោង ICBM នៅក្នុងឆ្នាំនេះ ឬក៏ការសាកល្បងនេះនឹងទទួលជោគជ័យ ឬមិនជោគជ័យ គឺវាអាស្រ័យទៅលើការឆ្លើយតបរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ព្រមទំាងប្រតិកម្មរបស់ប្រទេសជិតខាង»។
សូមជំរាបថា បើតាមលោក ថេ យុងហូ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគោលបំណងអភិវឌ្ឍន៍សមត្ថភាពអាវុធ នុយក្លេអ៊ែរ និងមីស៊ីលផ្លោង រហូតដល់កំរិតកំពូលមួយ ដែលលោកផ្ទាល់យល់ថា ទីក្រុងព្យុងយ៉ាង អាចមានលទ្ធភាពដាក់លក្ខខណ្ឌ ចរចារជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕