(វ៉ាស៊ីនតោន)៖ ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិកផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅតែប្រកាន់ជំហរអះអាងថា ក្រុម Hacker រុស្ស៊ី ជាអ្នកវាយប្រហារ ព័ត៌មានវិទ្យាទៅលើ Servers របស់ក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦, លោក ដូណាល់ ត្រាំ ក៏នៅតែបញ្ជាក់ដែរថា នេះគឺជាកំហុសរបស់ក្រុមមន្ត្រីបក្សប្រជាធិបតេយ្យខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
ប្រតិកម្មរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅពេលនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារចារកិច្ចអាមេរិកមានទាំង CIA បាននិយាយថា ប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានគោលបំណងច្បាស់លាស់ជួយឱ្យលោក ត្រាំ អង្គុយកៅអីជាប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែទោះជាយ៉ាងណា បើតាម លោក ត្រាំ ការវាយប្រហារព័ត៌មានវិទ្យាប្រឆាំង នឹងក្រុមមន្ត្រីបក្សប្រជាធិបតេយ្យគឺបណ្ដាលមកពីការធ្វេសប្រហែសរបស់ គណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ខ្លួនឯងតែប៉ុណ្ណោះ។ លោក ត្រាំ បានថ្លែងនៅលើ Twitter ដូច្នេះថា៖ «វាគឺជាការធ្វេសប្រហែសធ្ងន់ធ្ងរបំផុត របស់ DNC ដែលបណ្ដាយឱ្យពួក Hacker ចូលលួចទិន្នន័យព័ត៌មាន ខណៈដែលខ្លួនមានប្រព័ន្ធការពារដ៏រ៉ឹងមាំ (...) ប៉ុន្តែលទ្ធផលបោះឆ្នោតមិនបានទទួលផលប៉ះពាល់នោះទេ»។
សូមជំរាបថា ដោយសារតែរឿងវាយប្រហារព័ត៌មានវិទ្យានេះ កាលពីចុងឆ្នាំ២០១៦ រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ ពីសហរដ្ឋអាមេរិក ក៏ដូចជាដាក់ទណ្ឌកម្មលើទីភ្នាក់ងារចារកិច្ចរុស្ស៊ីចំនួន២ផងដែរ៕