(បាងកក)៖ នាថ្ងៃសៅរ៍នេះទឹកភ្លៀងនៅតែបន្តធ្លាក់យ៉ាងសន្ធឹបសន្ធាប់នៅភាគខាងត្បូងប្រទេសថៃដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ដែលមកទល់ពេលនេះបានសម្លាប់ជីវិតមនុស្សចំនួន ១២នាក់ហើយ និងបានបណ្តាលឲ្យភូមិរាប់ពាន់កន្លែងនៅតំបន់នោះជន់លិច។ នេះបើតាមសម្តីពីអាជ្ញាធរថៃ ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
ក្រសួងមហាផ្ទៃនៃប្រទេសថៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រោះទឹកជំនន់ដែលនៅតំបន់ខ្លះលិចដល់ដំបូលផ្ទះប្រជាជននោះ បានបង្កផលប៉ះពាល់ដល់មនុស្សមិនតិចជាង ៧០០,០០០នាក់ឡើយគិតចាប់តាំងពីវាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ហើយមនុស្សយ៉ាងហោចណាស់ចំនួន ១២នាក់បានបាត់បង់ជីវិត។
គួរបញ្ជាក់ថាយោងតាមនាយកដ្ឋានឧតុនិយម ការធ្លាក់ភ្លៀងដ៏ជោគជាំត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងរយៈពេលយ៉ាងហោចណាស់ក៏ពីរថ្ងៃទៀតដែរ៕