(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមការដាក់ពង្រាយកងទ័ពចំនួន ៤,០០០នាក់រួមជាមួយនិងរថក្រោះចំនួន ៨៧គ្រឿងទៅកាន់តំបន់អឺរ៉ុបខាងកើត។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធព័ត៌មានអាល្លឺម៉ង់ ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
ស្ថានីយវិទ្យុឈ្មោះ Bremen របស់អាល្លឺម៉ង់បានរាយការណ៍ថាកងកម្លាំងយោធាជើងគោកអាមេរិកកំពុងដាក់ពង្រាយរថក្រោះចំនួន ៨៧គ្រឿងនិងបរិក្ខាយោធាជាច្រើនផ្សេងទៀតរួមមានទាំងរថយន្តហ្ស៊ីប (Jeep) និងកាំភ្លើងធំផ្លោងចេញពីនាវាដឹកជញ្ជូនចំនួនបីគ្រឿង នៅឯកំពង់ផែ Bremerhaven នៃប្រទេសអាល្លឺម៉ង់។
ប្រភពដដែលបានឲ្យដឹងទៀតថា សព្វាវុធទាំងអស់នេះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញតាមផ្លូវដែក ហើយពួកវានឹងត្រូវដាក់ពង្រាយចេញ ពីទីនោះទៅកាន់ប្រទេសប៊ុលការី និងប្រទេសរ៉ូម៉ានី ក៏ដូចជាតំបន់បាល់តិច។ អ្នកនាំពាក្យយោធាអាល្លឺម៉ង់នៅរដ្ឋ Brandenburg បានបញ្ជាក់ថាគេត្រូវការទូរដឹកជញ្ជូនសរុបចំនួន ៩០០ទូរ ដើម្បីបញ្ជូនបរិក្ខាយោធាទាំងអស់នេះតាមផ្លូវដែកដែលមានប្រវែង ១៤គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការបន្ថែមវត្តមានយោធាខាងលើគឺជាផ្នែកមួយនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកកាលពីខែមេសា ឆ្នាំ២០១៤ ក្រោយការធ្វើបដិវត្តន៍ដែលគាំទ្រដោយអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ការចោទប្រកាន់នៃការជ្រែតជ្រែករបស់យោធារុស្ស៊ីនៅអ៊ុយក្រែន ធ្វើជាលេសសម្រាប់ការបង្កើនកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបភាគខាងកើត ដែលទីក្រុងម៉ូស្គូចាត់ទុកថាជាការគំរាមកំហែងផ្នែកសន្តិសុខ៕