(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-Wen) នៅថ្ងៃសៅរ៍នេះបានចាកចេញពីកោះតៃវ៉ាន់ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលរបស់លោកស្រី ដែលនឹងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីទីក្រុងប៉េកាំង ដែលបានផ្ទុះកំហឹងដោយសារតែរូបលោកស្រីបានហៅទូរស័ព្ទដើម្បីអបអរសាទរ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
លោកស្រី ត្សៃ នឹងធ្វើដំណើរទស្សនកិច្ចចំនួន ០៩ថ្ងៃទៅកាន់បណ្តាប្រជាជាតិនៅតំបន់អាមេរិកកណ្តាលដែលជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ ហើយការឈប់ឆ្លងកាត់របស់លោកស្រី ក្នុងទីក្រុង Houston នៃសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ និងក្នុងទីក្រុង San Francisco នៅចុងសប្តាហ៍ក្រោយនឹងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីអន្តរជាតិជាពិសេសនោះ គឺប្រទេសចិនតែម្តងស្របពេលដែលភាពតានតឹងរវាងភាគីទាំងពីរកំពុងកើនឡើង។
ជុំវិញរឿងនេះទីក្រុងប៉េកាំង ក៏ធ្លាប់បានទទូចឲ្យទីក្រុងវ៉ាស៊ីនតោនរារាំងមិនឲ្យលោកស្រី ត្សៃ ធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់អាមេរិកផងដែរ។ ដោយឡែកកាលពីសប្តាហ៍មុនប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា «ការឈប់ឆ្លងកាត់ គឺជាការឈប់ឆ្លងកាត់» បន្ទាប់ពីក្រុមអ្នកយកព័ត៌មានបានចោទសួរថាតើលោកស្រីនឹងមានជំនួបជាមួយមន្រ្តីណាម្នាក់ពីក្រុមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែរឬយ៉ាងណា ខណៈរូបលោក ត្រាំ ផ្ទាល់ទំនងជាបានច្រានចោលចំពោះ ពាក្យចចាមអារ៉ាមដែលថាលោកនឹងជួបជាមួយលោកស្រី ត្សៃ នៅក្នុងដំណើរទស្សនកិច្ចនេះ ដោយបានថ្លែងថា «វាមិនសូវជាសមរម្យនោះឡើយក្នុងការជួបជាមួយនរណាម្នាក់ នៅមុនពេលលោកស្បថចូលកាន់តំណែងជាផ្លូវការនាថ្ងៃទី២០ ខែមករា»។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីគំរោងសកម្មភាពរបស់លោកស្រី ត្សៃ អំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិកបណ្តោះអាសន្ននោះឡើយ ហើយលោក Liao Da-Chi ដែលជាអ្នកវិភាគនយោបាយមួយរូបនោះ បានលើកឡើងថាអ្វីដែលចិនខ្វាយខ្វល់ជាងគេនោះគឺថាតើលោកស្រី ត្សៃ ហើយនិងលោក ត្រាំ នឹងជួបគ្នាដែរឬយ៉ាងណា។
គួរបញ្ជាក់ថាលោកស្រី ត្សៃ អ៊ីងវិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស ហុងឌួរ៉ាស (Honduras), នីការ៉ាហ្គ័រ (Nicaragua), ហ្គាតេម៉ាឡា (Guatemala, និង អែលសាល់វ៉ាឌ័រ (El Salvador) ជារដ្ឋទាំងឡាយដែលទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ៕