(វ៉ាស៊ីតោន)៖ ស្ថិតិបូកសរុបចុងក្រោយបំផុតបានឲ្យដឹងថា ចំនួនគ្រាប់បែកដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទម្លាក់នៅជុំវិញពិភពលោកក្នុងឆ្នាំ២០១៦កន្លងទៅនេះមានចំនួនច្រើនជាងឆ្នាំ២០១៥ ដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានធ្វើការទម្លាក់គ្រាប់បែកចំនួន ២៦,១៧១គ្រាប់នៅក្នុងប្រទេសចំនួន ០៧ ដែលវាមានចំនួនជាង ៣,០០០គ្រាប់ច្រើនជាងអ្វីដែលត្រូវបានទម្លាក់កាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
យោងតាមអ្នកវិភាគមួយរូបនៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (CFR) ចំណែកភាគច្រើននៃចំនួនគ្រឿងជាតិផ្ទុះទាំងនេះបានធ្លាក់ទៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ដោយនៅក្នុងឆ្នាំ២០១៦ ប្រជាជាតិទាំងពីរបានទទួលរងការទម្លាក់គ្រាប់បែកមិនតិចជាង ១២,០០០គ្រាប់រៀងៗខ្លួន ខណៈបច្ចុប្បន្ននេះសហរដ្ឋអាមេរិកកំពុងដឹកនាំកងកម្លាំងចំរុះអន្តរជាតិប្រឆាំង នឹងក្រុម ISIS ដែលមានវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី តាមរយៈប្រតិបត្តិការយោធាជើងអាកាស ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធនេះ។
ជាមួយគ្នានេះដែរដោយផ្ទុយពីយុទ្ធនាការដែលបានសន្យាថា នឹងបញ្ចប់ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនៃប្រទេសអាហ្វហ្គានីស្ថាន លោក បារ៉ាក់ អូបាម៉ា បានអនុញ្ញាតឲ្យបន្ថែមចំនួនទ័ពរបស់ខ្លួននៅប្រទេសនេះទៅវិញ ដែលបានទទួលរងការទម្លាក់គ្រាប់បែករបស់អាមេរិកចំនួន ១,៣៣៧គ្រាប់ក្នុងឆ្នាំ២០១៦ ជិត ៤០០គ្រាប់ច្រើនជាងឆ្នាំ២០១៥ ហើយនាពេលនេះកងទ័ពអាមេរិកចំនួន ៨,៤០០នាក់កំពុងឈរជើងនៅលើទឹកដីអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថាប្រទេសមួយចំនួនទៀតដូចជាលីប៊ី ក៏បានទទួលរងជោគវាសនាមិនខុសពីបណ្តាប្រទេសនៅអាហ្វ្រិកខាងកើត និងមជ្ឈិមបូព៌ាទាំងប៉ុន្មានខាងលើនោះដែរ ជាមួយនឹងគ្រាប់បែកចំនួ ៥០០គ្រាប់ត្រូវបានទម្លាក់ទៅលើប្រទេសមួយនេះដែលពុំមានរដ្ឋាភិបាលស្ថិរភាពមួយឡើយចាប់តាំងពីការធ្វើឃាតនៃអតីតប្រធានាធិបតី Muammar Gaddafi កាលពីឆ្នាំ២០១១មក។ រីឯប្រទេសយេម៉ែនវិញបានទទួលរងដោយផ្ទាល់នូវគ្រាប់បែកអាមេរិកសរុបចំនួន ៥៨គ្រាប់ធ្លាក់លើទឹកដីរបស់ខ្លួន ដែលបានកើនពី ៣៤គ្រាប់កាលពីឆ្នាំ២០១៤ ហើយគ្រាប់បែកចំនួន ១៤គ្រាប់ត្រូវគេប៉ាន់ស្មានថាបានទម្លាក់ទៅលើប្រទេសសូម៉ាលី ខណៈប្រទេសប៉ាគីស្ថានបានរងការទម្លាក់គ្រាប់បែកតិចជាងគេបំផុត គឺតែបីគ្រាប់ប៉ុណ្ណោះ៕