(អាមេរិក)៖ បន្ទាប់ពីបានបើកការបាញ់ប្រហារទៅលើមនុស្សជាច្រើននាក់ ហើយបានបណ្តាលឲ្យ ០៥នាក់បាត់បង់ជីវិត និង០៨នាក់ផ្សេងទៀតរងរបួសនៅឯអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale នៃរដ្ឋ Florida សហរដ្ឋអាមេរិកទីបំផុតខ្មាន់កាំភ្លើងត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនបានយ៉ាងងាយស្រួលដោយគ្មានការតដៃតបតអ្វីឡើយ ហើយជននោះកំពុងស្ថិតនៅក្រោមការសួរចម្លើយ។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
សាក្សីជាច្រើននាក់ឲ្យដឹងថា ខ្មាន់កាំភ្លើងបានធ្វើដំណើរមកដល់អាកាសយានដ្ឋានខាងលើតាមរយៈជើងហោះហើរពីប្រទេសកាណាដា ជាមួយនឹងអាវុធមួយដើមដែលឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវនៅក្នុងកាបូបរបស់ជននោះ ដែលក្រោយមកជនដៃដល់ក៏បានទៅយកកាបូបរបស់ខ្លួនចូលក្នុងបន្ទប់ទឹកដើម្បីដាក់គ្រាប់ ហើយពេលចេញមកវិញក៏បើកការបាញ់ប្រហារតែម្តង។
គួរបញ្ជាក់ថាយោងតាមអាជ្ញាធរអាមេរិក ជនដៃដល់មានឈ្មោះ Estenban Santiago រស់នៅរដ្ឋ Alaska ហើយធ្លាប់បានបំរើការជាមន្ត្រីសន្តិសុខជាតិ និងធ្លាប់ធ្វើដំណើរទៅកាន់សមរភូមិនៅប្រទេសអ៊ីរ៉ាក់ផងដែរ ខណៈមកទល់ពេលនេះប៉ូលិសបានសន្និដ្ឋានថា ខ្មាន់កាភ្លើងរូបនេះបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ដោយគ្មានពាក់ព័ន្ធជាមួយបុគ្គល ឬក្រុមណាផ្សេងឡើយ៕