(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសអំពី គំរោងនៃការអភិវឌ្ឍអាវុធកាំរស្មីដ៏ពិសេសមួយប្រភេទដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបរ (Drone) របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៣០០គ្រឿង ហើយក្នុងចំណោមនោះមន្រ្តីយោធាកូរ៉េខាងត្បូងជឿជាក់ថា ១០គ្រឿងមានបំពាក់ដោយសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងខាងលើបានបញ្ជាក់ថា កិច្ចការផ្សេងៗបានចាប់ផ្តើមហើយទៅលើបច្ចេកវិទ្យាកាំរស្មីដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ជូនថាមពលឥតខ្សែដ៏មានឥទ្ធិពល ដែលអាចបាញ់ទម្លាក់យន្តហោះ Drone ធុនតូចបាន ដោយសារតែការកើនឡើងនៃសមត្ថភាពប្រតិបត្តិការរបស់ពួកវា។
មន្រ្តីយោធាមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងទៀតថា អាវុធសម្រាក់ការស្ទាក់បាញ់នេះគួរតែត្រូវអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៨ ខណៈប្រព័ន្ធទាំងមូលទំនងជានឹងពុំទាន់អាចបង្កើតហើយរួចរាល់ក្នុងពេលឆាប់ៗនោះឡើយរហូតទាល់តែដល់ឆ្នាំ២០២១ ហើយការបោះជំហានថ្មីនេះត្រូវបានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលបានអះអាងថា បានរកឃើញយន្តហោះ Drone មួយចំនួនដែលបង្ហោះដោយប្រទេសកូរ៉េខាងជើងកាលពីប៉ុន្មានឆ្នាំមុន នៅដែនអាកាសភាគខាងត្បូងនៃតំបន់គ្មានយោធាកាន់កាប់ (Demilitarized Zone) ដែលពុះចែកឧបទ្វីបកូរ៉េជាពីរផ្នែក។
គួរបញ្ជាក់ថា យន្តហោះគ្មានអ្នកបើកបរធុនតូចពិតជាគួរឲ្យរំខានណាស់ចំពោះប្រទេសកូរ៉េខាងត្បូង ដោយសារតែទំហំរបស់ពួកវាធ្វើឲ្យប្រព័ន្ធរ៉ាដាមានការពិបាកក្នុងចាប់សញ្ញា និងបាញ់ស្ទាក់៕