(មូស្គូ)៖ មេបញ្ជាការយោធារុស្ស៊ីនៅថ្ងៃសុក្រនេះ បានឱ្យថាទីក្រុងមូស្គូបានចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរីជាបណ្ដើរៗហើយ ដោយក្នុងនោះកងនាវាដឹកយន្ដហោះចម្បាំងនឹងត្រូវចាកចេញមុនគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ការប្រកាសរបស់ប្រមុខយោធារុស្ស៊ី លោក Valery Gerasimov ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី និងតួកគីបានឈានដល់កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ នៅទូទំាងប្រទេសស៊ីរី ប៉ុន្តែទោះជាយ៉ាងណា ភាគីជម្លោះទាំងអស់នៅតែចោទប្រកាន់គ្នាទៅវិញ ពាក់ព័ន្ធនឹងការរំលោភលើបទឈបាញ់ខណៈប្រជាជនស៊ីរីនៅតែបន្តរងគ្រោះដោយសារសង្រ្គាមរុំារ៉ៃ ដែលអូសបន្លាយពេលជាង០៦ឆ្នាំមកនេះ និងបានសម្លាប់មនុស្សជិត ៣០០,០០០នាក់។ លោក Valery Gerasimov បានបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិបានសម្រេចចិត្តចាប់ផ្ដើមកាត់បន្ថយចំនួនកងទ័ពនៅលើទឹកដីស៊ីរី»។
គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០១៦ រុស្ស៊ីក៏ធ្លាប់បានប្រកាសពីការដកកងទ័ពផងដែរ ក៏ប៉ុន្តែទីក្រុងមូស្គូ នៅតែបន្តដឹកនាំការវាយប្រហារតាមផ្លូវអាកាសដដែល៕