(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយនៅថ្ងៃសុក្រនេះថា លោកមានក្តីសង្ឃឹមចំពោះទីក្រុងមូស្គូ ដែលនឹងក្លាយជាសម្ព័ន្ធមិត្ត និងជាអ្នកការពារប្រទេសហ្វីលីពីន ខណៈពេលដែលលោកធ្វើទស្សននៅលើនាវាចម្បាំងចំនួនពីរគ្រឿងរបស់ប្រទេសរុស្ស៊ី ដែលកំពុងបំពេញដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសដីកោះនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នាល្ងាចថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងរបស់បុរសខ្លាំងហ្វីលីពីខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងម៉ានីល បានបង្ហើបប្រាប់អ្នកសារព័ត៌មាននៅហ្វីលីពីនថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជានិច្ចនៅក្នុងការផ្គត់ផ្គង់សព្វាវុធទំនើបៗគ្រប់ធុន ទៅដល់ទីក្រុងម៉ានីល ហើយរុស្ស៊ីពិតជាចង់ឲ្យប្រទេសហ្វីលីពីន ក្លាយជាមិត្តជិតស្និទ្ធរបស់ខ្លួនបំផុត។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅលើនាវាចម្បាំងរុស្ស៊ី និងបន្ទាប់ពីការចាប់ដៃស្វាគមន៍ ឧត្តមនាវីឯករុស្ស៊ីលោក Edurad Mikhailov ប្រធានាធិបតីហ្វីលីពីនរូបនេះបានបញ្ជាក់ដូច្នេះថា «យើងស្វាគមន៍មិត្តៗរុស្ស៊ីរបស់យើង។ អ្នកអាចមកសំចតទីនេះដើម្បី ទស្សនកិច្ច កម្សាន្ត ផ្គត់ផ្គង់ជំនួយ ឬក៏ធ្វើជាសម្ព័ន្ធមិត្តដើម្បីការពារយើងបានគ្រប់ពេល»។
គួរបញ្ជាក់ថា លោក ឌូតឺតេ ជាប្រធានាធិបតីដំបូងដែលបានធ្វើឲ្យទំនាក់ទំនង រវាងអាមេរិក និងហ្វីលីពីន កាន់តែឃ្លាតឆ្ងាយ ហើយងាកមកកសាងទំនាក់ទំនងល្អជាមួយរុស្ស៊ី ដែលជាមហាអំណាចសព្វាវុធលើលោក និងកំពុងតែប្រឈមមុខជម្លោះជាមួយអាមេរិកផងដែរ។ បុរសខ្លាំងហ្វីលីពីនរូបនេះ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសរុស្ស៊ី ដែលនឹងធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែស្អិតល្មួត៕