(គូឡាឡាំពួរ)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រតិបត្តិការតាមប្រមាញ់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលបានបាត់ចេញពីប្រព័ន្ធរ៉ាដាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ នឹងត្រូវបញ្ចប់ទៅជាស្ថាពរហើយនៅក្នុងរយៈពេលពីរសប្តាហ៍ទៀត ខណៈក្រុមគ្រួសារសាច់ញាតិរបស់អ្នកដំណើរនៅលើយន្តហោះ បានទាមទារឲ្យអាជ្ញាធរបន្តដឹកនាំប្រតិបត្តិការស្វែងរកបន្តទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
លោក Liow Tiong រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ីបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ពួកយើងកំពុងឈានដល់ជុំចុងក្រោយនៃការស្វែងរកនៅក្នុងពេលពីរសប្តាហ៍ខាងមុខ ហើយយើងសង្ឃឹមថាពួកយើងអាចនឹងប្រទះឃើញយន្តហោះដឹកអ្នកដំណើរដែលបានបាត់ដំណឹងសូន្យឈឹងនេះ»។ ទន្ទឹមនឹងនេះលោក Liow មិនបានបញ្ជាក់ឲ្យដឹងច្បាស់ពីកាលបរិច្ឆេទនោះឡើយ ប៉ុន្តែបានបង្ហើបថាកិច្ចប្រជុំត្រីភាគីមួយនឹងប្រព្រឹត្តទៅ បន្ទាប់ពីរបាយការណ៍ចុងក្រោយត្រូវបានចេញផ្សាយ នៅពេលការស្វែងរកនៅលើផ្ទៃដីនិងទឹកទំហំ ១២០,០០០គីឡូម៉ែត្រការ៉េបញ្ចប់។
គួរបញ្ជាក់ថាយន្តហោះដឹកអ្នកដំណើរដែលផ្ទុកមនុស្សសរុបចំនួន ២៣៩នាក់បានបាត់ចេញពីប្រព័ន្ធរ៉ាដា ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវពីរដ្ឋធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន។ ដោយឡែកប្រតិបត្តិការតាមស្វែងរកយន្តហោះមួយនេះ ពុំទាន់សម្រេចបានអ្វីជាដុំកំភួននៅឡើយនោះទេ៕