(សេអ៊ូល)៖ កូរ៉េខាងត្បូងបានសម្ដែងការសោកស្ដាយជាពន់ពេកនៅថ្ងៃសុក្រនេះ ចំពោះប្រតិកម្មរបស់រដ្ឋាភិបាលជប៉ុនដែលបានសម្រេចធ្វើមាតុភូមិនិវត្តន៍ជាបណ្ដោះអាសន្ន អគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងសេអ៊ូល ដើម្បីជាការតវ៉ាជំទាស់ទៅនឹងការតម្លើងរូបសំណាកក្មេងស្រី នៅខាងមុខស្ថានកុងស៊ុលជប៉ុនប្រចាំទីក្រុងប៊ូសាន ជានិមិត្តរូបតំណាងឱ្យស្រ្តីកូរ៉េខាងត្បូងដែលត្រូវបានកងទ័ពជប៉ុន បង្ខំឱ្យធ្វើទាសករផ្លូវភេទកាលពីអំឡុងសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងថា «យើងពិតជាមានការសោកស្ដាយជាពន់ពេក ចំពោះវិធានការរបស់ភាគីជប៉ុនប្រឆាំងនឹងរូបសំណាក ប៉ុន្តែរដ្ឋាភិបាលទីក្រុងសេអ៊ូលនៅតែបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសទាំងពីរគួរតែបន្តធ្វើការងាររួមគ្នា ក៏ដូចជាបន្តភាពរីកចំរើននៃទំនាក់ទំនងទ្វេភាគីឈរលើមូលដ្ឋានទុកចិត្តគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហា»។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចធ្វើមាតុភូមិនិវត្តន៍ជាបណ្ដោះអាសន្ន អគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងសេអ៊ូល លោក Yasumasa Nagamine ក្នុងគោលបំណងតវ៉ាជំទាស់ទៅនឹងការតម្លើងរូបសំណាកស្ត្រីតំណាងឱ្យអតីតទាសករផ្លូវភេទ នៅខាងមុខស្ថានកុងស៊ុលជប៉ុនប្រចាំទីក្រុងប៊ូសាន កាលពីចុងឆ្នាំ២០១៦ ដោយក្រុមអង្គការសង្គមស៊ីវិលមួយ ខណៈទីក្រុងតូក្យូ ធ្លាប់បានស្នើឱ្យដករូបសំណាកនេះចេញម្ដងរួចមកហើយ។ អគ្គរាជទូតលោក Yasumasa អាចនឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ នៅសប្ដាហ៍ ក្រោយនេះបើគ្មានអ្វីប្រែប្រួលទេនោះ៕