(សេអ៊ូល)៖ នាពេលថ្មីៗនេះប្រទេសកូរ៉េខាងជើងសម្រេចបាននូវកំពង់ផែដ៏ធំមួយ ដែលមានសមត្ថភាពធ្វើជាកន្លែងសម្រាប់សាងសង់នាវាមុជទឹកប្រភេទទម្ងន់ ១០,០០០តោននៅក្នុងរោងចក្រផលិតនាវាមួយកន្លែងនៃទីក្រុង Sinpo ក្នុងខេត្ត South Hamkyong។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ដោយស្របទៅតាមការណែនាំរបស់ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងក្នុងការផលិតនាវាមុជទឹកទម្ងន់ ១០,០០០តោនចំនួនមួយគ្រឿងកាលពីឆ្នាំ២០១៤ កំពង់ផែសម្រាប់សាងសាង់នាវាដែលទើបតែសម្រេចបាននៅក្នុងទីក្រុង Sinpo ត្រូវបានជួសជុលកែលម្អពីកំពង់ផែចាស់ដែលមានស្រាប់ ហើយបច្ចុប្បន្ននេះវាមានបណ្តាយប្រវែង ១៨០ម៉ែត្រ និងទទឹង២៥ម៉ែត្រ។
ជាមួយគ្នានេះវិស្វក និងអ្នកបច្ចេកទេសជំនាញៗដែលពោរពេញទៅដោយបទពិសោធន៍ខ្ពស់ដែលកំពុងធ្វើការនៅការដ្ឋានជួសជុលនិងផលិតនាវាមួយកន្លែងផ្សេងទៀតក្នុងទីក្រុង Chongjin នៃខេត្ត North Hamkyong ជាមួយនឹងសមាជិកក្រុមគ្រួសាររបស់ពួកគេ ក៏បានផ្លាស់ប្តូរទីលំនៅទៅកាន់ក្រុង Sinpo ដើម្បីកសាងនាវាមុជទឹកថែមទៀតផង។ គួរបញ្ជាក់ថាក្រៅពីនេះនាវាមុជទឹកដែលមានប្រភេទទម្ងន់ ៣,០០០តោនចំនួនពីរគ្រឿងផ្សេងទៀតកំពុងស្ថិតក្រោមការសាងសង់នៅក្នុងរោងចក្រនៃទីក្រុង Sinpo និង Chongjin៕