(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានរៀបចំគំរោងដើម្បីធ្វើការបណ្តាក់ទុនវិនិយោគចំនួន ៣៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក្នុងគោលបំណងទប់ទល់នឹងអាកាសធាតុដ៏អាក្រក់ដែលកំពុងបំពុលប្រទេសយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
អនុប្រធាននៃរដ្ឋបាលថាមពលជាតិចិន (NEA) លោក Li Yangzhe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បើយោងតាមការគណនាជាបឋមគំរោងការវិនិយោគ នៅក្នុងការផលិតថាមពលអាចបង្កើតថ្មីនឹងមានចំនួន ២.៥ពាន់ពាន់លានយ័ន (ដែលស្មើនឹង ៣៥៩.៨ពាន់លានដុល្លារអាមេរិក»។
លោក Li បានបន្ថែមថាផែនការអភិវឌ្ឍន៍ថាមពលអាចបង្កើតថ្មីដែលត្រូវបានរៀបចំឡើងដោយ NEA និងគណកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ នឹងជំរុញឲ្យមានការកើនឡើងនៃការប្រើប្រាស់ធនធានថាមពលមិនមែនហ្វូស៊ីល ដើម្បីកាត់បន្ថយការទាញយកថាមពលពីធ្យូងថ្មហើយរដ្ឋាភិបាលចិនក៏មានចេតនាចង់ឲ្យមានការប្រើប្រាស់ថាមព្រះអាទិត្យ, វារីអគ្គិសនី, ថាមពលខ្យល់, និងថាមពលកម្តៅពីក្នុងដីផងដែរ។
គួរបញ្ជាក់ថាការប្រើប្រាស់ដ៏លើសលប់របស់ប្រទេសចិននូវធ្យូងថ្មដើម្បីផលិតថាមពល បានបណ្តាលឲ្យទីក្រុងប៉េកាំងក៏ដូចជាទីក្រុងដទៃផ្សេងៗទៀតរបស់ចិន ទទួលរងផលប៉ះពាល់ជាអតិបរមាពីការបំពុលខ្យល់ក្នុងកំរិតដ៏ខ្លាំងក្លា ដែលកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងន់ដល់សុខភាពនៃប្រជាជននៅទូទាំងប្រទេសទាំងមូល៕