(ម៉ូស្គូ)៖ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីបានបណ្តាលឲ្យមនុស្សប្រមាណ ៤០០,០០០នាក់នៅទូទាំងអ៊ឺរ៉ុបទាំងមូលបាត់បង់ការងារធ្វើ ហើយបានធ្វើឲ្យបណ្តាប្រទេសអឺរ៉ុបទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ទៅ ១៨.៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ប្រទេសអាល្លឺម៉ង់ដែលជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់រុស្ស៊ីនៅអឺរ៉ុប បានបាត់បង់ការងារចំនួន ៩៧,០០០កន្លែង ហើយប្រទេសប៉ូឡូញបានបាត់បង់ចំនួន ៧៨,០០០កន្លែង ខណៈប្រទេសអូទ្រីសជាមួយនឹងចំនួននៃការបាត់បង់ការងារចំនួន ៧,០០០កន្លែង ពុំសូវជាបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនោះឡើយ។ នេះបើតាមការសិក្សារបស់វិទ្យាស្ថាននៃប្រទេសអូទ្រីស សម្រាប់ការស្រាវជ្រាវផ្នែកសេដ្ឋកិច្ច។
បន្ថែមពីនេះអាល្លឺម៉ង់ក៏បានទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុខ្លាំងក្លាជាងគេបង្អស់ផងដែរនៅក្នុងចំនួនប្រហែល ៦.៤ពាន់លានដុល្លារ ហើយបារាំងស្ថិតនៅក្នុងលំដាប់ទីពីរជាមួយនឹងការខាតបង់ចំនួន ១.៦៩ពាន់លានដុល្លារ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៤មក ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុបបានជួបនឹងភាពល្អក់ខ្វល់ជាខ្លាំងនៅចំពោះមុខវិបត្តិក្នុងប្រទេសអ៊ុយក្រែន ហើយបណ្តាប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តដទៃៗទៀតបាន ដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្ទាប់ពីតំបន់គ្រីមៀបានក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤ និងដោយសារតែការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងជម្លោះនៃប្រទេសអ៊ុយក្រែន៕