(សេអ៊ូល)៖ ក្រុមហ៊ុន Apple បានបង្ហើបថាខ្លួនកំពុងរៀបចំគំរោងដើម្បីបើកហាងលក់ផលិតផលមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាហាងរបស់ Apple ដំបូងបំផុតដែលនឹងមានវត្តមាននៅលើទឹកដីកំណើតរបស់ក្រុមហ៊ុន Samsung ដែលជាគូប្រជែងដ៏ស្វិតស្វាញខាងផ្នែកបច្ចេកវិទ្យាស្មាតហ្វូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ក្រុមហ៊ុនដែលមនុស្សគ្រប់គ្នាស្គាល់ហើយថា ជាអ្នកឲ្យកំណើតដល់ម៉ូដែលទូរស័ព្ទដៃដ៏ល្បីល្បាញលើពិភពលោក «iPhone» បានចេញសេចក្តីប្រកាសដើម្បីជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងចំនួន ១៥កន្លែងនៅលើគេហទំព័ររបស់ក្រុមហ៊ុន ដែលតួនាទីទាំងអស់នោះរួមមានប្រធានដឹកនាំការងារ និងប្រធានគ្រប់គ្រងមុខជំនួញរបស់ហាង ប៉ុន្តែសេចក្តីប្រកាសរបស់ក្រុមហ៊ុន Apple មិនបានបញ្ជាក់ច្បាស់ពីទីតាំងរបស់ហាង ឬមួយក៏កាលបរិច្ឆេទអ្នកដែលត្រូវបានជ្រើសរើស នឹងចាប់ផ្តើមបំពេញការងារនោះឡើយ។
ទន្ទឹមនឹងនេះក្រុមហ៊ុន Apple បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈសេចក្តីថ្លែងការណ៍មួយថា «ពួកយើងមានក្តីរំភើបជាខ្លាំងចំពោះការបើកហាងលក់ផលិតផល Apple ជាលើកទីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រីកចំរើនមួយរបស់ពិភពលោក និងជាប្រទេសដែលកំពុងឈានមុខនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យារួមជាមួយនឹងវប្បធម៌ដ៏រស់រវើក ហើយពួកយើងកំពុងជ្រើសរើសបុគ្គលិកមួយក្រុម ដែលនឹងផ្តល់ជូនអតិថិជនរបស់យើងនៅទីក្រុងសេអ៊ូលនូវសេវាកម្ម, ការអប់រំ, និងការកម្សាន្តផ្សេងៗ ដែលអតិថិជនរបស់ Apple គ្រប់រូបនៅជុំវិញពិភពលោកស្រឡាញ់ចូលចិត្ត»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើសេចក្តីអធិប្បាយអំពីទាំងក្នុងរដ្ឋធានីសេអ៊ូលដែលហាងលក់ផលិតផលរបស់ខ្លួននឹងតាំងនៅ ឬក៏ពេលវេលាដែលវានឹងត្រូវបើកដំណើរការនោះឡើយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា ការដ្ឋានសាងសង់កំពុងតែប្រព្រឹត្តទៅសម្រាប់ហាងរបស់ក្រុមហ៊ុន Apple នៅទីតាំងមួយកន្លែងក្នុងសង្កាត់ភាគខាងត្បូង នៃទីក្រុងសេអ៊ូល និងអាចនឹងបញ្ចប់រួចរាល់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕