(ប៉េកាំង)៖ ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់ឥណ្ឌាកាលពីថ្ងៃចន្ទកន្លងទៅបានធ្វើឱ្យចិនក្ដៅក្រហាយយ៉ាងខ្លំាងរហូតដល់ចេញសារព្រមានទីក្រុងញូដេលី ថាបើសិនជាការបាញ់សាកល្បងបែបនេះ នៅតែបន្តធ្វើឡើងនោះទីក្រុងប៉េកាំង គ្មានជំរើសអ្វីក្រៅតែពីជួយមហាមិត្តរបស់ខ្លួនគឺប៉ាគីស្ថានក្នុងការអភិវឌ្ឍ និងបាញ់សាកល្បងមីស៊ីល ICBM ដូចគ្នាទៅនឹងអ្វីដែលឥណ្ឌាបានធ្វើនោះឡើយ។ នេះបើតាមសារព័ត៌មានរដ្ឋចិន Global Times ចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋចិន Global Times នៅក្នុងបទវិចារណកថារបស់ខ្លួនបានគូសបញ្ជាក់ថា ឥណ្ឌាបានរំលោភលើច្បាប់ស្ដីពីការគ្រប់គ្រងចំនួនមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររយៈចំងាយឆ្ងាយចំណែកឯបណ្ដាប្រទេសលោកខាងលិច បានអនុវត្តន៍ស្ដង់ដាពីរដោយមិនបានអនុវត្តន៍បទដ្ឋានតែមួយលើឥណ្ឌា ដូចទៅនឹងអ្វីដែលពួកគេធ្លាប់បានធ្វើលើបណ្ដាប្រទេសដ៏ទៃទៀតនោះទេ។
ដូច្នេះហើយបើសិនជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនជំទាស់ ឬបណ្ដាយឱ្យឥណ្ឌាបាញ់សាកល្បងមីស៊ីល ICBM ហើយបណ្ដាប្រទេសលោកខាងលិច ទទួលស្គាល់ឥណ្ឌាជារដ្ឋនុយក្លេអ៊ែរ និងមិនខ្វល់ខ្វាយពីការរត់ប្រណាំងនុយក្លេអ៊ែររវាងឥណ្ឌា និងប៉ាគីស្ថានទេនោះ ទីក្រុងប៉េកាំងនឹងមិនឈរនៅស្ងៀមឡើយ ហើយនឹងជួយប៉ាគីស្ថានក្នុងការអភិវឌ្ឍ និងបាញ់សាកល្បងមីស៊ីល ICBM ដូចគ្នាទៅនឹងអ្វីដែលឥណ្ឌាបានធ្វើ។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទកន្លងទៅ ឥណ្ឌាបានបាញ់សាកល្បងនូវគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM Agni-IV ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់បានចំងាយ ៤,០០០គីឡូម៉ែត្រ។ ជាងនេះទៅទៀតមុននឹងការបាញ់សាកល្បងនេះ ទីក្រុងញូដេលីក៏ធ្លាប់បានសាកល្បងដោយជោគជ័យ នូវមីស៊ីល ICBM Agni-V ផងដែរ ដែលវាអាចបាញ់ដល់ទ្វីបអឺរ៉ុប និងតំបន់ប៉ែកខាងជើងប្រទេសចិន ជាមួយចំងាយបាញ់ ៥,០០០ គីឡូម៉ែត្រ ៕