(ញូដេលី)៖ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល SpiceJet របស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងធ្វើការបញ្ជាទិញយន្តហោះ Boeing 737 យ៉ាងហោចណាស់ចំនួន ៩២គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់សហរដ្ឋអាមេរិក ស្របពេលដែលខ្លួនកំពុងព្យាយាមបង្កើនវត្តមាននៅក្នុងទីផ្សារអាកាសចរណ៍ពិភពលោកដែលកំពុងតែរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
កិច្ចសន្យាខាងលើក្នុងការទិញយន្តហោះ ដែលច្រើនជាងទ្វេដងនៃយន្តហោះដឹកអ្នកដំណើរសរុប ៤០គ្រឿងរបស់ SpiceJet ដែលមានស្រាប់នោះប្រហែលជានឹងត្រូវចុះហត្ថលេខាសម្រេចនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការបញ្ជាទិញអាចមានតម្លៃដល់ទៅចំនួនប្រមាណជា១០.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាខ្ទង់ចំណាយដ៏ច្រើនមហិមាមិនធ្លាប់មាន។
ដោយឡែកក្រុមហ៊ុន Boeing បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយជុំវិញសេចក្តីរាយការណ៍នេះឡើយ ខណៈក្រុមហ៊ុន SpiceJet ពុំទាន់អាចទាក់ទងបាន ប៉ុន្តែវែបសាយ Bloomberg បានធ្វើការចុះផ្សាយ និងមានការអះអាងច្បាស់លាស់អំពីព័ត៌មាននេះ៕