(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអះអាងថា បច្ចុប្បន្នកូរ៉េខាងជើងបានបង្ហាញពីការរីកចំរើនទៅមុខនៃគុណភាព និងសមត្ថភាពក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឈានដល់កំរិតមួយមិនធ្លាប់មានពីមុនមកបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានដឹកនាំការបាញ់សាកល្បងជាច្រើនលើកកាលពីឆ្នាំ២០១៦ ហើយដែលនេះគឺជាការព្រួយបារម្ភដ៏ធំ និងចាំបាច់ត្រូវតែដាក់សម្ពាធបន្ថែមលើរបបដឹកនាំលោក គីម ជុងអ៊ុន ឱ្យងាកមករកតុចរចាវិញ។ នេះបើតាមសម្តីរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបត្រីភាគីជាមួយសមាភាគី កូរ៉េខាងត្បូង និងជប៉ុន បានថ្លែងថាកូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោង ២៤លើក ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ០២លើកផងដែរកាលពីឆ្នាំ២០១៦។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់តាមរយៈការបាញ់សាកល្បងទាំងនេះ បើទោះជាក្រុមអ្នកជំនាញមួយចំនួនយល់ថាកូរ៉េខាងជើង នៅត្រូវការរយៈពេលយូរដើម្បីសម្រេចកិច្ចការនេះក៏ដោយ ក៏គេមិនអាចប្រកែកបានឡើយពីការរីកចំរើនទៅមុខនៃបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង។ ដូច្នេះហើយបើតាម លោក អាន់តូនី ប្លីងខិន គេគួរតែដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ដើម្បីនាំប្រទេសកុម្មុយនីស្ដឯកោមួយនេះត្រឡប់មករកតុចរចាវិញ ខណៈអតីតអគ្គរដ្ឋទូតកូរ៉េខាងជើងដែលកំពុងជ្រកកោននៅកូរ៉េខាងត្បូង ធ្លាប់បញ្ជាក់ថាទីក្រុងព្យុងយ៉ាង នឹងអង្គុយចរចាជាមួយសហរដ្ឋអាមេរិក ល្គឹកណាខ្លួនក្លាយជារដ្ឋនុយក្លេអ៊ែរជាមុនសិន។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាង កាន់តែខិតជិតដល់ការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក ប៉ុន្តែទន្ទឹមគ្នានោះដែរប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ អះអាងថា គ្មានគ្រាប់មីស៊ីលកូរ៉េខាងជើងណាមួយ អាចបាញ់ដល់ទឹកដីអាមេរិកនោះទេ៕