(វ៉ាស៊ីនតោន)៖ ស្ថាបនិកគេហទំព័រ Wikileaks លោក ជូលាន អាស្សាង (Julian Assange) បានសន្និដ្ឋានថាក្មេងអាយុ ១៤ឆ្នាំក៏អាចមានលទ្ធភាពចូល Hack សារអេឡិចត្រូនិច (Email) របស់ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតនៃលោកស្រី ហ៊ីលឡារី គ្លីនតុន គឺលោក ចន ប៉ូដែស្ដា (John Podesta) ដោយលោកថែមទំាងបដិសេធថា រុស្ស៊ីមិនមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News លោក លោក ជូលាន អាស្សាង បាននិយាយពីភាពងាយក្នុងការចូល Hack សារអេឡិចត្រូនិករបស់លោក ចន ប៉ូដែស្ដា ដោយលោកបញ្ជាក់ថា នរណាក៏អាចធ្វើដូចនេះបានដែររួមទំាងក្មេងអាយុ ១៤ឆ្នាំ។ ស្ថាបនិក Wikileaks បានថ្លែងដូច្នេះថា «យើងបានចេញផ្សាយ Email ជាច្រើនដែលសុទ្ធតែបង្ហាញថា លោក ចន ប៉ូដែស្ដា បានចាញ់បោកក្រុម Hacker តាមរយៈការឆ្លើយតបទៅនឹងសារ Email ក្លែងក្លាយហើយក្នុងពេលនោះដែរ លោកបានបង្ហើបថាពាក្យសំងាត់របស់ លោកគឺជាពាក្យសំងាត់ ដូច្នេះខ្ញុំអាចសន្និដ្ឋានបានថាក្មេងអាយុ ១៤ឆ្នាំក៏អាចមានលទ្ធភាពចូល Hack អ៊ីម៉ែល របស់គាត់បានដែរ»។
គួរបញ្ជាក់ថាបើតាមសម្តីលោក លោក ជូលាន អាស្សាង លោកស្រី ហ៊ីលឡារី គ្លីនតុន កាលនៅកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក មិនបានធ្វើអ្វីទាល់តែសោះក្នុងការការពារសារអេឡិចត្រូនិចរបស់ខ្លួន ខណៈក្នុងនាមជារដ្ឋមន្ត្រីមួយទាំងមូល គឺបានប្រឈមមុខនឹងការវាយប្រហារពីរដ្ឋជាសត្រូវខ្លាំងណាស់៕