(ញូដេលី)៖ ប្រទេសឥណ្ឌានឹងបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យ ដោយគ្រោងធ្វើការបង្ហោះផ្កាយរណបចំនួន ១០៣គ្រឿងក្នុងពេលតែមួយ នៅដើមសប្តាហ៍ទីមួយនៃខែកុម្ភៈ។ នេះបើតាមទីភ្នាក់ងារអវកាសរបស់រដ្ឋាភិបាលឥណ្ឌា ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ផ្កាយរណបទាំងអស់ខាងលើរួមមានប្រភេទធំចំនួនបីគ្រឿង និងប្រភេទតូចចំនួន ១០០គ្រឿងនឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាសតាមរយៈយានផ្ទុកផ្កាយរណប PSLV ពីទីតាំងបង្ហោះយានអវកាសនៃកោះ Sriharikota ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ នេះបើតាមសេចក្តីប្រកាសពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការសិក្សាស្រាវជ្រាវអវកាសឥណ្ឌា (ISRO)។
យានអវកាស PSLV C37 នឹងនាំយកផ្កាយរណបចំនួនមួយគ្រឿងនៃប្រភេទ Cartosat, ផ្កាយរណបរបស់ ISRO ខ្នាតតូចចំនួនពីរគ្រឿង, និងផ្កាយរណបពាណិជ្ជកម្មចំនួន ១០០គ្រឿងដែលភាគច្រើនមកពីសហរដ្ឋអាមេរិក ហើយផ្កាយរណបដទៃៗទៀតមកពីប្រទេសផ្សេងៗ ដោយរួមបញ្ចូលទាំងបារាំង និងអាល្លឺម៉ង់ជាដើម។
គួរបញ្ជាក់ថាការទិដ្ឋភាពនៃការបាញ់បង្ហោះផ្កាយរណប ដល់ទៅជាង ១០០គ្រឿងនឹងមានការកត់ត្រាទុក ដោយសារតែវាគឺជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ ISRO ដែលផ្កាយរណបនៅក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ នឹងត្រូវបញ្ជូនទៅកាន់ទីអវកាសក្នុងពេលព្រមគ្នាតែម្តង ហើយការបង្ហោះផ្កាយរណបជាច្រើនក្នុងពេលតែមួយនេះ គឺជួយកាត់បន្ថយការចំណាយ ខណៈប្រទេសឥណ្ឌាបាននិងកំពុងព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យក្លាយជាអ្នកដើរតួយ៉ាងសំខាន់ម្នាក់ នៅក្នុងទីផ្សារពាណិជ្ជកម្មអវកាសអន្តរជាតិ ដោយធ្វើជាអ្នកប្រតិបត្តិការដែលមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែមានតម្លៃធូរថ្លៃ៕