(មូស៊ូល)៖ កងកម្លាំងរដ្ឋាភិបាល​នៃប្រទេស​អ៊ីរ៉ាក់ កំពុងតែវាយសំរុក​ទៅមុខកាន់តែ​ខ្លាំងក្លា​នៅក្នុង​យុទ្ធនាការ​យោធាទ្រង់ទ្រាយធំ ដើម្បី​វាយរំដោះ​យកទីក្រុង​មូស៊ូល (Mosul) ដែលស្ថិតនៅភាគ​ខាងជើង​ប្រទេសចេញពី​កណ្តាប់ដៃ​របស់ក្រុម​សកម្មប្រយុទ្ធ ISIS។ នេះបើតាម​ការ​​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

នៅក្នុងដំណាក់កាលទីពីរ​នៃប្រតិបត្តិការ​យោធា ​ដែលបានចាប់ផ្តើម​កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ប៉ូលិសសហព័ន្ធ​និងកងទ័ពជើង​គោក​​អ៊ីរ៉ាក់​​នៅថ្ងៃពុធម្សិលមិញ បានដណ្តើម​​កាន់កាប់​សង្កាត់ Wanda ដែលស្ថិតនៅផ្នែក​អាគ្នេយ៍​នៃទីក្រុង បន្ទាប់ពីមានការ​ប៉ះទង្គិចគ្នា​យ៉ាងហាវ​ជាមួយ​ក្រុមសកម្មប្រយុទ្ធ​ជ្រុលនិយម។ នេះបើការសេចក្តី​ថ្លែងការណ៍​របស់ទីបញ្ជាការ​ប្រតិបត្តិការ​ចំរុះ​នៃប្រទេស​អ៊ីរ៉ាក់។

ជ័យជម្នះខាងលើបានជួយឲ្យកងកម្លាំ ​រដ្ឋាភិបាលកាន់តែខិតជិត​ទៅដល់​កណ្តាល​នៃផ្នែកភាគកើត​នៃទីក្រុង​មូស៊ូល ដែលជាមូលដ្ឋានដ៏ធំ​បំផុត​និងចុងក្រោយគេ​របស់ក្រុម​សកម្ម​ប្រយុទ្ធ ISIS នៅប៉ែកខាងជើង​នៃប្រទេស​អ៊ីរ៉ាក់។

គួរបញ្ជាក់ថា ចាប់តាំងពីយុទ្ធការ​វាយរំដោះយកទីក្រុង​ដ៏ធំមួយនេះ​បានប្រព្រឹត្តទៅ​កាលពី​ខែតុលា ឆ្នាំ២០១៦ ប្រតិបត្តិការយោធា​បានបង្ខំ​ឲ្យ​​ប្រជាជនអ៊ីរ៉ាក់​ ដែលរស់នៅ​ក្នុងទីក្រុងមូស៊ូល​ និងតំបន់ផ្សេងៗទៀត​ក្បែរនោះ មិនតិចជាង ១២៥,០០០នាក់បាត់បង់ទីជម្រក ហើយការប្រយុទ្ធ​​គ្នានាពេលថ្មីៗនេះ​បានជំរុញឲ្យ​ប្រជាជន​រត់ភៀសខ្លួន​នៅក្នុងអត្រា​ពី ១,៦០០នាក់ទៅដល់ ២,៣០០នាក់​ជារៀងរាល់ថ្ងៃ៕