(វ៉ាស៊ីនតោន)៖ កំពូល Hacker ជនជាតិរ៉ូម៉ានី លោក ម៉ាសែល ឡេហែល ឡាហ្សា (Marcel Lehel Lazar) ឬគេស្គាល់ជាទូទៅថា Guccifer ដែលកំពុងជាប់ពន្ធនាគារក្នុងសហរដ្ឋអាមេរិកបានអះអាងថា ការចោទប្រកាន់របស់រដ្ឋបាលប្រធានាធិបតីអាមេរិកជិតផុតអណត្តិ លោក បារ៉ាក់ អូបាម៉ា ដែលថារុស្ស៊ីបានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជារឿងមិនពិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ពីពន្ធនាគារនៅថ្ងៃពុធ ម្សិលមិញជាមួយស្ថានីយ៍ទូរទស្សន៍ Fox News លោក Guccifer បានសង្កត់ធ្ងន់ថា ការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ីគឺជារឿងមិនពិត ត្បិតវាគ្រាន់តែជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ។ ជាងនេះទៅទៀតទីក្រុងមូស្គូ ក៏បានចាត់ទុកផងដែរថាការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ជារឿងមិនទំនងទាល់តែសោះពោលគឺមានគោលបំណងត្រឹមតែបង្វែរការចាប់អារម្មណ៍នៃប្រជាជនអាមេរិកពីបញ្ហាដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋ អាមេរិក។
ដោយឡែកជុំវិញការចោទប្រកាន់នេះដែរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បានសម្រេចបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ ព្រមទាំងបិទបេសកកម្មទូតរុស្ស៊ីចំនួន ០២កន្លែង ក៏ដូចជាដាក់ទណ្ឌកម្មលើទីភ្នាក់ងារចារកម្មរុស្ស៊ីចំនួន ០២ផងដែរជាការឆ្លើយទៅនឹងការជ្រៀតជ្រែតរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក បើទោះបីជាទីក្រុងមូស្គូបានបដិសេធក៏ដោយ។
គួរបញ្ជាក់ថា លោក ម៉ាសែល ឡេហែល ឡាហ្សា (Marcel Lehel Lazar) ឬមានរហ័ស្សនាម Guccifer ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៥២ខែកាលពីខែកញ្ញា ឆ្នាំ២០១៦ ពីបទ Hack Email មន្ត្រីអាមេរិក និងគណនីប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ពលរដ្ឋអាមេរិក ១០០នាក់៕