(អាមេរិក)៖ ប្រហោងខ្មៅបិសាច «Monster black holes» និងកញ្ចុំផ្កាយ Neutron និង Pulsars គឺជាគោលដៅនៃបេសកកម្មកែវយឺតអវកាសរបស់ NASA នៅឆ្នាំ២០២០ ដែលវានឹងត្រូវចំណាយរហូតដល់ទៅ ១៨៨លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
បើតាមការសិក្សាកន្លងមក ប្រហោងខ្មៅអាចដុតកម្តៅឧស្ម័នទាំងឡាយ ដែលស្ថិតនៅក្បែរវាដែលវាហេតុនាំឲ្យមានការបញ្ចេញកាំរស្មី X-ray ចេញពីតំបន់ដែលប្រហោងខ្មៅវាយលុក។ បេសកកម្មថ្មីរបស់ NASA ដើម្បីចាប់យករូបភាពនៃពន្លឺ X-ray ថ្មីនេះគឺនឹងសម្រេចចេញជាលទ្ធផលតាមរយៈ ការបង្ហោះកែវយឺតអវកាសចំនួនបីរួមគ្នា ដែលមានបំពាក់កាមេរ៉ាថតរូបនៅលើនោះ។
កែវយឺតអវកាសទាំងបីខាងលើនេះនឹងធ្វើការគណនា អំពីរលករំញ័រ និងពន្លឺ X-ray ដែលជះចេញពីប្រហោងខ្មៅ ដែលមានចម្ងាយរាប់រយរាប់ពាន់ឆ្នាំពន្លឺពីផែនដី។ លោក Paul Hertz នាយកផ្នែកបេសកកម្មវិទ្យាសាស្ត្រ និងតារាសាស្ត្ររបស់ NASA បានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្នយើងមិនអាចធ្វើការថតយករូបភាពដោយផ្ទាល់ ចំពោះអ្វីដែលកំពុងកើតមានឡើងនៅក្បែរប្រហោងខ្មៅ និងតារា Neutron នោះឡើយ ប៉ុន្តែការជះនៃពន្លឺ X-ray នឹងធ្វើឲ្យយើងដឹងអំពីផ្នែករូបវិទ្យា និងឥទ្ធិពលនៃវត្ថុទាំងនោះ»។
គួរបញ្ជាក់ថាទីភ្នាក់ងារអវកាសអ៊ីតាលី ក៏នឹងជួយ NASA ផងដែរនៅក្នុងការអភិវឌ្ឍប្រព័ន្ធកាមេរ៉ា ដែលអាចមានសមត្ថភាពពិសេសក្នុងការថត និងគណនាអំពីថាមពល X-ray ដែលជះចេញពីប្រហោងខ្មៅ ហើយវានឹងអាចបញ្ជាក់អំពីទំហំ ព្រមទាំងអាយុកាលរបស់ក៏អាចថាបាន៕