(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលចំពោះការលើកឡើងដែលថាខ្លួន បានព្យាយាមជ្រើសរើសកងទ័ពឥណ្ឌូណេស៊ីពូកែៗទុកឲ្យបម្រើការងារដោយមិនឲ្យទៅស្រុកវិញ ខណៈដែលភាគីទាំងពីរកំពុងព្យាយាមស្ដារឡើងវិញនូវទំនាក់ទំនងលើវិស័យយោធា បន្ទាប់ពីវាត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារតែកងទ័ពឥណ្ឌូណេស៊ីរងការប្រមាថ នៅក្នុងអំឡុងពេលហ្វឹកហាត់ជាមួយកងទ័ពអូស្ត្រាលី ប៉ុន្តែអ្នកនំាពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់ថាមូលហេតនៃការផ្អាកគឺបណ្ដាលមកពីបញ្ហាបចេ្ចកទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ទំនាក់ទំនងរវាងអូស្ត្រាលី និងឥណ្ឌូណេស៊ី បានជួបភាពតានតឹងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពី អាជ្ញាធរទីក្រុងហ្សាការតា បានកាត់ទោសប្រហារជីវិតឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាជនជាតិអូស្ត្រាលីម្នាក់ ព្រមទាំងដោយសារនយោបាយរបស់អូស្ត្រាលី ក្នុងការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅកាន់ឥណ្ឌូណេស៊ីវិញ។
ដោយឡែកពាក់ព័ន្ធនឹងការផ្អាកកិច្ចសហប្រតិបត្តិការយោធា ស្ថានីយ៍ទូរទស្សន៍អូស្ត្រាលី ABC នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីសេចក្ដីថ្លែងការណ៍មួយ របស់ប្រមុខយោធាអូស្ត្រាលី លោក Gatot Nurmantyo ដែលបានថ្លែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ថា លោកមានការព្រួយបារម្ភខ្លាចក្រែងទីក្រុងកង់បេរ៉ា ព្យាយាមជ្រើសរើសទុកនូវកងទ័ពឥណ្ឌូណេស៊ីពូកែៗ ដែលត្រូវបញ្ជូនឱ្យទៅហ្វឹកហ្វឺននៅអូស្ត្រាលី។
លោក Gatot បានថ្លែងដូច្នេះថា «ជារៀងរាល់ឆ្នាំយើងតែងតែបញ្ជូនកងទ័ពពី ០៥ ទៅ ១០នាក់ឱ្យទៅចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅអូស្ត្រាលី ហើយរឿងនេះបានកើតឡើងនៅមុនពេលខ្ញុំក្លាយជាប្រមុខយោធា (...) ប៉ុន្តែនៅពេលខ្ញុំក្លាយជាប្រមុខយោធា ខ្ញុំនឹងមិនឱ្យរឿងនេះកើតឡើងជាថ្មីនោះទេ (...) ច្បាស់ណាស់ពួកគេ នឹងត្រូវបានគេជ្រើសរើសឱ្យបម្រើការងារនៅទីនោះ (អូស្ត្រាលី)។ ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne បានបដិសេធដោយអះអាងថា អូស្ត្រាលីមិនមានគោលដៅ ឬបំណងជ្រើសរើសកងទ័ពឥណ្ឌូណេស៊ី ឱ្យបម្រើការងារជាភ្នាក់ងារបស់ខ្លួននោះឡើយ។
គួរបញ្ជាក់ថាកិច្ចសហប្រតិបត្តិការយោធាដែលត្រូវបានផ្អាករវាង អូស្ត្រាលី និងឥណ្ឌូណេស៊ីក្នុងនោះរួមមាន ការធ្វើសមយុទ្ធយោធារួមគ្នា ការអប់រំ និងផ្លាស់ប្ដូរកម្មវិធីបណ្ដុះបណ្ដាលយោធាជាដើម៕