(ហាណូយ)៖ ចំនួនប្រជាជននៅក្នុងប្រទេសវៀតណាមត្រូវបានព្យាករណ៍ថា នឹងនៅតែបន្តកើនឡើងប៉ុន្តែក្នុងកំរិតយឺតៗ ហើយនឹងឈានដល់ ១០០លាននាក់នៅឆ្នាំ២០២៥។ នេះបើយោងតាមវិទ្យាស្ថានគ្រប់គ្រង និងនយោបាយសាធារណៈ (IPPM) ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
លោក Giang Thanh Long អគ្គនាយក IPPM ដែលស្ថិតនៅក្រោមសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិនៃទីក្រុងហាណូយបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសវៀតណាមបានរក្សាអត្រាកំណើនទាបដោយសារតែប្រជាជនក្នុងស្រុកបានទទួលការអប់រំ និងមានការយល់ដឹងច្បាស់អំពីគុណប្រយោជន៍នៃគ្រួសារទំហំតូច ហើយប្រជាជននៅក្នុងប្រទេសនឹងឈានដល់ចំនួន ១១០លាននាក់នៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។
អ្នកជំនាញដដែលបានបន្ថែមទៀតថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានឈានជើងដល់ដំណាក់កាលមួយ ដែលនឹងប្រែក្លាយខ្លួនទៅជាប្រទេសដែលសម្បូរទៅដោយប្រជាជនមានវ័យចំណាស់ចាប់ពី ៦៥ឆ្នាំឡើងទៅ។ គួរបញ្ជាក់ថាបើយោងតាមស្ថិតិចុងក្រោយបំផុតរបស់ការិយាល័យស្ថិតិទូទៅ ចំនួនប្រជាជនជាមធ្យមនៃប្រទេសវៀតណាមនៅក្នុងឆ្នាំ២០១៦ ត្រូវបានព្យាករណ៍ថាមានចំនួន ៩២.៧លាននាក់ ដែលចំនួនបានកើនឡើងក្នុងអត្រា ១.០៨ភាគរយធៀបនឹងឆ្នាំ២០១៥៕