(តៃប៉ិ)៖ ប្រាក់សោធននិវត្តន៍សម្រាប់ផ្គត់ផ្គង់វិស័យយោធារបស់កោះតៃវ៉ាន់ អាចនឹងក្លាយជាការព្រួយបារម្ភខ្ពស់អំពីស្ថេរភាពនៃវិស័យការពារជាតិរបស់កោះមួយនេះ នៅពេលភាពតានតឹងកំពុងកើនឡើងយ៉ាងក្តៅគគុកជាមួយនឹងប្រទេសចិនដែលជាសត្រូវនយោបាយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ការធ្វើកំណែទម្រង់ទៅលើថវិកាសោធននិវត្តន៍ គឺជាគោលដៅចម្បងរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ខណៈមន្រ្តីយោធាជាច្រើននាក់កំពុងមានការភ័យព្រួយ ហើយអន្ទះសារនៅមិនសុខនោះឡើយ តួយ៉ាងលោកឧត្តមសេនីយ៍ Hu Chu-Sheng ដែលជាមន្រ្តីយោធាចូលនិវត្តន៍មួយរូបនោះបានលើកឡើងថា «នៅពេលដែលកងទ័ពមិនអាចផ្តោតការយកចិត្តទុកដាក់ចំពោះតួនាទីរបស់ពួកគេ វានឹងធ្វើឲ្យប្រសិទ្ធភាពនៃកម្លាំងយោធារបស់កោះតៃវ៉ាន់ធ្លាក់ចុះ ហើយពេលនោះចិននឹងមានភាពងាយស្រួលជាខ្លាំងក្នុងការសង្រ្គប់យកកោះតៃវ៉ាន់ដោយមិនចាំបាច់ប្រឹងនោះឡើយ»។
គួរបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកថាតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយកោះមួយនេះគួរតែវិលមករួបរួមដោយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ទោះបីជាចាំបាច់ត្រូវប្រើប្រាស់កម្លាំងបង្ខំយ៉ាងណាក្តី ក៏ប៉ុន្តែបច្ចុប្បន្នកោះតៃវ៉ាន់នៅតែធ្វើការគ្រប់គ្រងរដ្ឋបាលដោយខ្លួនឯងដោយរដ្ឋាភិបាលថ្មីរបស់លោកស្រី Tsai ក៏បានជាប់ឆ្នោតដោយសារតែលោកស្រីផ្ទាល់ មានទំនោរទាមទារឯករាជ្យពេញលេញសម្រាប់កោះនេះផងដែរ៕