(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចារកម្មអាមេរិកអះអាងថាខ្លួន ទទួលបានភស្ដុតាងចុងក្រោយបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលអាចបញ្ជាក់បានថារុស្ស៊ីពិតជាបានវាយប្រហារផ្នែកព័ត៌មានវិទ្យា លើមន្ត្រីនៃគណៈកម្មាធិការជាតិប្រជាធិបតេយ្យ នៃគណបក្សប្រជាធិបតេយ្យដោយផ្ដល់ឯកសារ និងសារអេឡិចត្រូនិច (Email) ទៅឱ្យគេហទំព័រ Wikileaks តាមរយៈភាគីទីបី។ នេះបើតាមសម្តីមន្ត្រីអាមេរិកបីរូប ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ក្រោយពេលរឿងអាស្រូវ Email របស់លោកស្រី គ្លីនតុន ផ្ទុះឡើងជាថ្មីនៅអំឡុងខែតុលា ឆ្នាំ២០១៦ ទីភ្នាក់ងារចារកម្មអាមេរិករួមមានទាំង CIA បានសន្និដ្ឋានថាទីភ្នាក់ងារចារកម្មរុស្ស៊ីបានដឹកនាំដោយផ្ទាល់ ការវាយប្រហារផ្នែកព័ត៌មានវិទ្យា ក៏ប៉ុន្តែពួកគេមិនទាន់មានភស្ដុតាងជាក់លាក់បញ្ជាក់ថាទីក្រុងមូស្គូបានគ្រប់គ្រងការបញ្ចេញព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកស្រី គ្លីនតុន ដើម្បីជួយឱ្យលោក ត្រាំ ឈ្នះឆ្នោតនោះទេ ខណៈរុស្ស៊ីនិងលោក ត្រាំ បានបដិសេធចំពោះការលើកឡើងទាំងនេះ។
ចំណែកឯស្ថាបនិកគេហទំព័រ Wikileaks លោក ជូលាន អាសសាន (Julian Assange) ក៏បានថ្លែងបដិសេធក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News ថាលោកមិនបានទទួល Email ដែលត្រូវបានគេលួចពីគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងប្រធានយុទ្ធនាការបោះឆ្នោតរបស់លោកស្រី គ្លីនតុន គឺលោក ចន ប៉ូដេស្តា (John Podesta) តាមរយៈរដ្ឋជាភាគីទីបីនោះឡើយ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ជូលីយៀន ក៏មិនបានបដិសេធដែរពីលទ្ធភាពដែលលោកទទួលបាន Email លោកស្រី គ្លីនតុន ពីភាគីទីបី។
បើតាមមន្ត្រីអាមេរិកទាំងបីរូបខាងលើ របាយការណ៍ស៊ើបអង្កេតនឹងត្រូវដាក់ជូនលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍នេះ និងលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រស្អែក (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ហើយគ្រប់គ្នាកំពុងរង់ចាំការយល់ឃើញពីលោក អូបាម៉ា និងលោក ត្រាំ ផងដែរ។
គេហទំព័រ Wikileaks ធ្លាប់បានគូសបញ្ជាក់ថា Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ចេញពីកន្លែងផ្ទុកទិន្នន័យជាតិអាមេរិក (Server) ដោយចៃដន្យនោះទេ ពោលគឺវាអាចត្រូវបានលួច ឬក៏បំផ្លាញចោល ដោយក្រុមបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) របស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា។ ព្រមពេលជាមួយគ្នា Wikileaks ក៏បានសន្យាផងដែរថា នឹងផ្ដល់ប្រាក់រង្វាន់ ២០,០០០ ដុល្លារអាមេរិក សម្រាប់ជនណាក៏ដោយឱ្យតែអាចបង្ហាញពីភស្ដុតាងជុំវិញការអះអាង។
យោងតាមគេហទំព័រ Wikileaks, Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កាលនៅជារដ្ឋមន្ត្រីការបរទេសអាមេរិក ស្រាប់តែបាត់ចេញពីកន្លែងផ្ទុកទិន្នន័យឯកសារជាតិអាមេរិក។ Wilikeaks បានសរសេរនៅលើ Twitter ដូច្នេះថា «Hard disk 2 TB ស្ដុកទុកទិន្នន័យសារអេឡិចត្រូនិច របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានគេលួច ប្រហែលជាកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ ដូច្នេះហើយ Wikileaks នឹងផ្ដល់ប្រាក់សុទ្ធ២០,០០០ដុល្លារអាមេរិក សម្រាប់ជនណាក៏ដោយ ឱ្យតែមានព័ត៌មាន ឬក៏ភស្ដុតាងពាក់ព័ន្ធនឹង មនុស្សដែលបានប្រពឹត្តិបទឧក្រិដ្ឋនេះ»។
គួររំលឹកថា រឿងអាស្រូវប្រើប្រាស់ Email ឯកជន របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើឱ្យប្រជាប្រិយភាពអតីតជំទាវទីមួយរូបនេះធ្លាក់ចុះយ៉ាងខ្លំាង ក្នុងការប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកជាមួយលោក ដូណាល់ ត្រាំ៕