(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានត្រៀមខ្លួនរួចហើយ ក្នុងដំណើរផ្សងព្រេងថ្មីមួយ តាមរយៈការបង្ហើបពីគោលបំណងរបស់លោកសម្រាប់ឆ្នាំ២០១៧ នេះ ខណៈអ្នកប្រើប្រាស់អិនធឺណែតមួយចំនួនយល់ថាលោក អាចនឹងប្រកាសពីការឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
នៅឆ្នាំ២០១៧នេះ លោក Mark Zuckerberg បានបង្ហាញពីវត្ថុបំណងជាច្រើនដែលធ្វើឱ្យគេសន្និដ្ឋានថាលោកមានបំណងចង់អង្គុយកៅអីជាប្រធានាធិបតីអាមេរិក។ ជាក់ស្ដែងថ្លែងនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួនលោក Zuckerberg បាននិយាយថា «នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំរត់បានចំងាយ ជាង៥៨៧គីឡូម៉ែត្រ, ខ្ញុំបានបង្កើតប្រព័ន្ធអ៊ីនធើណែតគ្រប់គ្រងផ្ទះរបស់ខ្ញុំ, ខ្ញុំបានអានសៀវភៅ ២៥ក្បាល និងរៀនភាសាចិនផងដែរ។ ចំណែកឯការប្រកួតប្រជែងផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងឆ្នាំ២០១៧ នេះគឺការធ្វើដំណើរទស្សនកិច្ចប្រជាជនអាមេរិក នៅតាមបណ្តារដ្ឋទាំងអស់នៃសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថាលោក Zuckerberg ក៏បានអះអាងដែរថានៅសល់ ៣០រដ្ឋទៀតដែលលោកត្រូវទស្សនកិច្ចដើម្បីជួបនិយាយជាមួយប្រជាជនអាមេរិក អំពីគោលបំណង ការព្រួយបារម្ភ និងជីវភាពរបស់ពួកគេ ដោយលោកថែមទំាងរំលឹកពីការបែងចែកសង្គមមិនធ្លាប់មានពីមុនមក ហើយវាជាពេលវេលាដ៏សំខាន់នៃប្រវត្តិសាស្រ្តមនុស្សជាតិ។ «យើងត្រូវតែផ្លាស់ប្ដូរច្បាប់ជាច្រើន ដើម្បីឱ្យវាអាចត្រូវបានទទួលស្គាល់ដោយអ្នកទំាងអស់គ្នា»។ នេះបើតាមសម្តីរបស់លោក Mark Zuckerberg៕