(រ៉យទ័រ)៖ ក្នុងសំណើរទ្រង់ទ្រាយធំមួយពីសំណាក់ មន្ត្រីអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានស្នើរអគ្គនាយកដ្ឋានសន្តិសុខជាតិ កាលពីខែវិច្ឆិកាកន្លងទៅនេះនូវឯកសារ និងការវិភាគដើម្បីវាយតម្លៃអ្វី ដែលត្រៀមនឹងកើតឡើងសម្រាប់ការកសាងជញ្ជំាង និងព្រំដែន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ។
សំណើរទាំងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនាពេលថ្មីកន្លងទៅនេះ រវាងក្រុមការងារអន្តរកាលរបស់លោក Trump និងមន្ត្រីនាយកដ្ឋានសនិ្តសុខជាតិ។ ក្នុងឯកសារទាំងនេះ បានផ្តល់នូវរូបភាពខ្លះអំពីយុទ្ធសាស្ត្រ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដើម្បីការពារសន្តិសុខ និងធ្វើកំណែទម្រង់គោលនយោបាយ ដែលធ្លាប់ធ្វើឡើងក្នុងសម័យលោក Obama។
ជាការឆ្លើយតបនឹង សំណើរបស់ក្រុមអន្តរកាលទាំងនេះ បុគ្គលិកពន្ធគយ និងការពារបន្ទាត់ព្រំដែន បានកំណត់ចម្ងាយប្រមាណ៤០០ម៉ាយល៍ នៃបន្ទាត់ព្រំដែនរវាងអាមេរិក និងម៉ិចស៊ិក និងព្រមទាំងនឹងមានចម្ងាយដូចគ្នារវាងបន្ទាត់ព្រំដែនអាមេរិក និងកាណាដា ដែលនៅទីនោះរបងការពារអាច នឹងត្រូវបានកសាងដូចគ្នា នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មាន Reuters ទទួលបាន។
សារព័ត៌មាន Reuters មិនអាចកំណត់បានថា តើក្រុមមន្ត្រីអន្តរកាលរបស់លោក Trump នឹងធ្វើការពិចារណាអំពីការកសាង បន្ទាត់ព្រំដែនភាគខាងជើង ឬយ៉ាងណានោះទេ។ ក្នុងអំឡុងនៃការធើ្វយុទ្ធនាការ លោក Trump បានប្តេជ្ញាក្នុងការកសាងជញ្ជាំង និងពង្រីករបងនៅតាម បន្ទាត់ព្រំដែនជាប់ប្រទេស កាណាដាដូចគ្នា ប៉ុន្តែលោកបានបញ្ជាក់ថា ទីនោះហាក់គ្មានអ្វី តម្រូវឱ្យកសាងជញ្ជាំងនោះទេ។
យោងតាមសេចក្តីសង្ខេបទៅលើអ៉ីម៉ែលបានឱ្យដឹងថា កម្មវិធីមួយដែលមន្ត្រីអន្តរកាលរបស់លោក Trump ស្នើផងដែរនោះ គឺកម្មវិធីអង្កេតការណ៍នៅតាមបន្ទាត់ព្រំដែន ដែលបានផ្តល់ទ័ពអាកាស១.២០០នាក់ ដើម្បីតាមដានបន្ទាត់ព្រំដែនភាគខាងត្បូង ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
កម្មវិធីនេះក្រោមការដឹកនាំរបស់លោក Gorge W.Bush ធ្លាប់បានដាក់ពង្រាយទ័ពអាកាសប្រមាណ៦.០០០នាក់ដើម្បីធ្វើការ ប៉ុន្តែត្រូវបានកាត់បន្ថយក្នុងអាណត្តិ របស់លោក Barak Obama ដែលការធ្វើកំណែទម្រង់នេះ បានបង្កនូវការខឹងសម្បាជាខ្លាំងពីសំណាក់ពួកអភិរក្សនិយម ដែលបានចាត់ទុកថា ការអង្កេតតាមដានតាមផ្លូវអាកាសជាកិច្ចការដ៏សំខាន់មួយដើម្បីរក្សាសុវត្ថិភាពបន្ទាត់ព្រំដែន។ ក្រុមមន្ត្រីអន្តរកាលក៏បានស្នើថតចម្លងរាល់ឯកសារ ដែលជាបញ្ជាទៅកាន់ភ្នាក់ងារជនអន្តោប្រវេសន៍ ចាប់តាំងពីលោក Obama ឡើងកាន់អំណាចកាលពីឆ្នាំ២០០៩កន្លងទៅនេះ។
លោក Trump បានបញ្ជាក់ថា លោកមានបំណងចង់លុបចោលរាល់សកម្មភាពទាំងអស់របស់លោក Obama ជុំវិញករណីជនអន្តោប្រវេសន៍ ក្នុងនោះរួមទាំងបញ្ជាកាលពីឆ្នាំ២០១២កន្លងទៅនេះ ដែលអនុញ្ញាតឱ្យកុមារដែលត្រូវបានឪពុកម្តាយបញ្ជូនមកសហរដ្ឋអាមេរិកដោយខុសច្បាប់អាចបន្តរស់នៅក្នុង ប្រទេសមួយនេះជាបណ្តោះអាសន្ន ព្រមទាំងអស់មានសិទ្ធក្នុងការបន្តការសិក្សាផងដែរ ដែលនេះហៅថា កម្មវិធី DACA ។ មន្ត្រីសន្តិសុខជាតិប្រចាំអគ្គនាយកដ្ឋាន បានបញ្ជាក់ដោយលាក់បាំងអត្តសញ្ញាណរបស់ខ្លួនថា សំណើររបស់មន្ត្រីអន្តរកាលចង់ធ្វើឱ្យច្បាស់ថា បុគ្គលិកសហព័ន្ធការពារអ្នកដែលទទួលបានពីកម្មវិធី DACA នេះ និងការពារជនអន្តោប្រវេសន៍ផ្សេងទៀត មិនឱ្យចាកចេញ។
សារព័ត៌មាន Reuters បានពិនិត្យមើលឡើងវិញ ដែលបានវាយតម្លៃថា ជញ្ជាំងនេះស្ថិតនៅតាមបណ្តោយបង្គោលព្រំដែនដែលនឹងចាយប្រាក់៣.៣ពាន់លានដុល្លារ និងគ្របដណ្តប់លើបន្ទាត់ព្រំដែនប្រទេសកាណាដា រួមមានរដ្ឋ Washington, Idaho, Montana, New York, Vermont, New Hampshire និង Maine.ប្រវែង៤៥១ម៉ាយល៍។ តាមការសន្និដ្ឋានបានឱ្យដឹងថា ការកសាងបន្ទាត់ព្រំដែននៅភាគនារតី (ម៉ិកស៊ិកូ) នឹងចំណាយកាន់តែខ្ពស់ ដែលមានតម្លៃប្រមាណជា១១,៣៧ពាន់លានដុល្លារ៕