(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks បានគូសបញ្ជាក់ថា Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ចេញពីកន្លែងផ្ទុកទិន្នន័យជាតិអាមេរិក (Server) ដោយចៃដន្យនោះទេ ពោលគឺវាអាចត្រូវបានលួច ឬក៏បំផ្លាញចោល ដោយក្រុមបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) របស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា។ ព្រមពេលជាមួយគ្នា Wikileaks ក៏បានសន្យាផងដែរថា នឹងផ្ដល់ប្រាក់រង្វាន់ ២០,០០០ ដុល្លារអាមេរិក សម្រាប់ជនណាក៏ដោយឱ្យតែអាចបង្ហាញពីភស្ដុតាងជុំវិញការអះអាង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅយប់ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
យោងតាមគេហទំព័រ Wikileaks, Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កាលនៅជារដ្ឋមន្ត្រីការបរទេសអាមេរិក ស្រាប់តែបាត់ចេញពីកន្លែងផ្ទុកទិន្នន័យឯកសារជាតិអាមេរិក។ Wilikeaks បានសរសេរនៅលើ Twitter ដូច្នេះថា «Hard disk 2 TB ស្ដុកទុកទិន្នន័យសារអេឡិចត្រូនិច របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានគេលួច ប្រហែលជាកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ ដូច្នេះហើយ Wikileaks នឹងផ្ដល់ប្រាក់សុទ្ធ២០,០០០ដុល្លារអាមេរិក សម្រាប់ជនណាក៏ដោយ ឱ្យតែមានព័ត៌មាន ឬក៏ភស្ដុតាងពាក់ព័ន្ធនឹង មនុស្សដែលបានប្រពឹត្តិបទឧក្រិដ្ឋនេះ»។
គួររំលឹកថា រឿងអាស្រូវប្រើប្រាស់ Email ឯកជន របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើឱ្យប្រជាប្រិយភាពអតីតជំទាវទីមួយរូបនេះធ្លាក់ចុះយ៉ាងខ្លំាង ក្នុងការប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកជាមួយលោក ដូណាល់ ត្រាំ៕