(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី បានឃុំខ្លួនជនសង្ស័យម្នាក់ ពីបទចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុម ISIS ក្នុង ការរៀបចំគំរោងចូលទៅក្នុងទឹកដីប្រទេសមីយ៉ាន់ម៉ា ដើម្បីដឹកនាំធ្វើសកម្មភាពវាយប្រហារភេរវកម្ម។ នេះបើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងភេរវកម្ម ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ប្រធានអង្គភាពប៉ូលិសម៉ាឡេស៊ីប្រឆាំងភេរវកម្ម លោក Ayob Khan Mydin Pitchay បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងនៃការវាយប្រហារពីសំណាក់ក្រុមសកម្ម ប្រយុទ្ធ ISIS ដែលមានបណ្ដាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Ayob បន្ថែមថាជនសង្ស័យខាងលើ គឺជាបុរសជនជាតិ ឥណ្ឌូនេស៊ីម្នាក់ តែមិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណនោះទេ ដោយគ្រាន់តែអះអាងថា រូបគេត្រូវបានឃុំខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០១៦ ហើយគួរតែអាចត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃពុធនេះ ពីបទកាន់កាប់សម្ភារមានជាប់ពាក់ព័ន្ធនឹង ក្រុមភេរវករ។
សូមជំរាបថា យោងតាមលោក Ayob បើសិនជាជនសង្ស័យរូបនេះ ត្រូវបានគេរកឃើញថាបានប្រព្រឹត្តិដូចការចោទប្រកាន់ នោះរូបគេអាចនឹងប្រឈមមុខនឹងការដាក់ពិន័យ ឬក៏ជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ៕