(តេហេរ៉ង់)៖ អគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់បានឱ្យដឹងថាមនុស្ស ៧០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារក្រោមបទសង្ស័យថា បានលួចព័ត៌មានសម្ងាត់របស់រដ្ឋឱ្យទៅប្រទេសដែលជាសត្រូវរបស់អ៊ីរ៉ង់។ នេះបើតាម Mizanonline ជាទីភ្នាក់ងារសារព័ត៌មានចំណុះឱ្យស្ថាប័នយុត្តិធម៌អ៊ីរ៉ង់ ដែលចុះផ្សាយបន្តដោយសារព័ត៌មានបារាំង Le Figaro នៅល្ងាចថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែការណ៍នៅល្ងាចថ្ងៃអង្គារ អគ្គរដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់ លោក អាប់បាស់ ចាហ្វារី ដូឡាតាបាឌី (Abbas Jafari Dolatabadi) បានបញ្ជាក់ដូច្នេះថា «ជនត្រូវចោទទាំង ៧០នាក់ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទីក្រុងតេហេរ៉ង់ (...) បានបញ្ជូនព័ត៌មានសម្ងាត់របស់រដ្ឋឱ្យទៅសត្រូវ ក្នុងនោះមានដូចជា ព័ត៌មានពាក់ព័ន្ធនឹងវិស័យនុយក្លេអ៊ែរ យោធា នយោបាយ សង្គម និងវប្បធម៌»។
ទន្ទឹមគ្នានោះដែរអគ្គរដ្ឋអាជ្ញារូបនេះ មិនបានបញ្ជាក់ពីអត្តសញ្ញាណ ឬរយៈពេលឃុំខ្លួនអ្នកទំាង ៧០នាក់ខាងលើនេះទេហើយសូម្បីតែប្រទេសដែលជាសត្រូវនោះ ក៏មិនត្រូវបានបញ្ជាក់ដែរ។ ក៏ប៉ុន្តែអ្វីដែលគេដឹងគឺប្រទេសដែលមេដឹកនាំកំពូលអ៊ីរ៉ង់ធ្លាប់ហៅពេញៗមាត់ថា ជាសត្រូវរបស់ខ្លួននោះគឺសហរដ្ឋអាមេរិក។
គួររំលឹកថាកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ អគ្គរដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់ ក៏ធ្លាប់បានអះអាងដែរថា មនុស្ស ០៦នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១០ឆ្នាំ ពីបទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ឱ្យទៅសហរដ្ឋអាមេរិក៕