(បាងកក)៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃក្នុងអំឡុងនៃរដូវកាលឈប់សម្រាកចំនួន ០៦ថ្ងៃនាឱកាសចូលឆ្នាំសកលដោយគិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួនដល់ទៅ ៤២៦នាក់ និងរងរបួសចំនួន ៣,៧៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ Thirawat Boonyawat អ្នកនាំពាក្យក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនមនុស្សបាត់បង់ជីវិតនិងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,៥៧៩ករណីដែលបានកើតឡើងនៅទូទាំងផ្ទៃប្រទេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគច្រើនបានបណ្តាលមកពីការបើកបរហួសល្បឿនកំណត់របស់អ្នកប្រើប្រាស់យានយន្ត ក្នុងអំឡុងថ្ងៃឈប់សម្រាកដែលមានរយៈពេលដ៏យូរនេះ។
ជាមួយគ្នានេះដែរអាជ្ញាធរថៃបានរឹបអូសយានជំនិះចំនួន ៤,២០៨គ្រឿងពីព្រោះតែអ្នកបើកបរបានបញ្ជាយានយន្តរបស់ពួកគេដោយស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយនៅក្នុងនោះមានម៉ូតូចំនួន ២,៩៦៥គ្រឿង និងរថយន្តចំនួន ១,២៤៣គ្រឿង។ បន្ថែមពីនេះប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ជាង ២,០០០កន្លែងក៏ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវផងដែរ ដើម្បីសង្ឃឹមថានឹងអាចរារាំងអ្នកបញ្ជាយានជំនិះមួយចំនួនកុំឲ្យបើកបរទាំងស្ថិតនៅក្នុងភាពស្រវឹង ឬមួយក៏ទាំងអស់កម្លាំងដោយសារតែខ្វះការសម្រាក ហើយអាជ្ញាធរថៃថែមទាំងបានជំរុញឲ្យអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត់ក្នុងអំឡុងពេលមានបុណ្យទានឈប់សម្រាកនានា។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលអាក្រក់ជាងគេបំផុតសម្រាប់ប្រទេសថៃនៅក្នុងឱកាសចូលឆ្នាំថ្មីនេះ គឺជាការបាត់បង់អាយុជីវិតមនុស្ស ២៥នាក់ក្រោយពេលដែលរថយន្តដឹកអ្នកដំណើរមួយគ្រឿងដែលបើកបរក្នុងល្បឿនដ៏លឿន បានជ្រុលទៅបុកចំពេញទំហឹជាមួយនឹងរថយន្តមួយបាំងកន្លះមួយគ្រឿងផ្សេងទៀតហើយបានផ្ទុះឆេះខ្ទេចខ្ទីទាំងអ្នកជិះ នៅលើដងផ្លូវមួយកន្លែងក្នុងខេត្តឈុនបុរីនាថ្ងៃចន្ទដើមសប្តាហ៍នេះ៕