(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwan បានថ្លែងបញ្ជាក់អះអាងសាជាថ្មីនៅថ្ងៃពុធនេះថា ការបោះឆ្នោតជាតិនឹងត្រូវប្រារព្ធឡើងនៅក្នុងឆ្នាំ២០១៧នេះ ដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់បន្ទាប់ពីមន្ទិលសង្ស័យជុំវិញបញ្ហាដ៏សំខាន់នេះ ត្រូវបានបង្កឡើងដោយសមាជិកនៃរដ្ឋសភាថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
លោក Prawit បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងបាងកកយ៉ាងដូច្នេះថា «ពួកយើងមិនអាចលើកកាលបរិច្ឆេទនៃការបោះឆ្នោតជាតិបានឡើយ ព្រោះថាវាមានពេលវេលាកំណត់ច្បាស់លាស់របស់វាមិនអាចចេះតែផ្លាស់ប្តូរបាននោះទេ ហើយអ្វីដែលរដ្ឋសភាជាតិបាននិយាយគឺជាបញ្ហារបស់ពួកគេ»។
គួរបញ្ជាក់ថា សមាជិកមួយរូបរបស់រដ្ឋសភាដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលយោធាថៃរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅថ្ងៃចន្ទដើមសប្តាហ៍ដដែលនេះថាការបោះឆ្នោតជាតិ ដែលនឹងនាំយកការដឹកនាំបែបស៊ីវិលមកកាន់ប្រទេសថៃវិញ បន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពី២០១៤នោះ នឹងត្រូវតែធ្វើការពន្យាពេលរហូតដល់ឆ្នាំ២០១៨ ដើម្បីអនុញ្ញាតឲ្យមានការសម្រួលច្បាប់ដែលចាំបាច់ក្នុងការប្រើប្រាស់នៅអំឡុងយុទ្ធនាការបោះឆ្នោត៕