(អ៊ីស្តង់ប៊ុល)៖ អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្សចំនួន ៣៩នាក់ នៅក្នុងការវាយប្រហារដោយអំពើភេរវកម្មមួយ ដែលបានកើតឡើងនៅក្នុងក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងនៅទីក្រុងអ៊ីស្តង់ប៊ុល នាឱកាសយប់ថ្ងៃចូលឆ្នាំសកលកន្លងទៅថ្មីៗនេះ ត្រូវបានបញ្ជាក់ហើយ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ជនដៃដល់ពុំទាន់ត្រូវបាន ចេញផ្សាយឲ្យដឹងច្បាស់ជាសាធារណៈនៅឡើយនោះទេ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសតួកគី ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
ដោយឡែកនៅថ្ងៃពុធនេះកម្លាំងប៉ូលិសតួកគី បានចាប់ឃុំខ្លួនមនុស្សចំនួនប្រាំនាក់បន្ថែមទៀតនៅក្នុងខេត្ត Izmir ភាគខាងកើតប្រទេសបន្ទាប់ពីជនបរទេសចំនួនពីរនាក់ត្រូវបានប៉ូលិសតួកគីឃាត់ខ្លួននៅឯអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃអង្គារម្សិលមិញ ហើយបើគិតមកទប់ពេលនេះមនុស្សចំនួន២០នាក់ត្រូវបានឃុំខ្លួនជុំវិញការវាយប្រហារដែលក្រុម ISIS បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួន។
គួរបញ្ជាក់ថាខ្មាន់កាំភ្លើងដែលបានប្រព្រឹត្តអំពើដ៏ឃោឃៅនេះ កំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ បន្ទាប់ពីបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ នៅពេលភាពចលាចលបានផ្ទុះឡើងហើយជនប្រដាប់អាវុធរូបនេះត្រូវបានគេជឿជាក់មានប្រភពមកពីប្រទេសស៊ីរី និងធ្លាប់បានហ្វឹកហ្វឺននៅទីនោះថែមទៀតផង។
ម៉្យាងវិញទៀតទីភ្នាក់ងាររដ្ឋតួកគីក៏បានបញ្ចេញខ្សែវីដេអូដែលបង្ហាញពីរូបភាពរបស់ជនសង្ស័យដែលបានបើកការវាយប្រហារដោយអំពើភេរវកម្មដ៏ប្រល័យនៅក្នុងក្លឹបកម្សាន្តឈ្មោះថា Reina នៃទីក្រុងអ៊ីស្តង់ប៊ុលដែលពោពេញទៅដោយមនុស្សរាប់រយនាក់ផងដែរ៕