(ហ្សាកាតា)៖ ឥណ្ឌូណេស៊ីបានសម្រេចចិត្តផ្អាករាល់ទម្រង់ នៃកិច្ចសហប្រតិបត្តិការយោធាជាមួយអូស្រ្តាលី ក្រោមហេតុផលនៃ «បញ្ហាបច្ចេកទេស»។ នេះបើតាមអ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោកឧត្ដមសេនីយ៍ Wurjanto បានឱ្យដឹងថា ការសម្រេចចិត្តផ្អាកនេះ ត្រូវបានធ្វើឡើងតាំងតែពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ លោក Wurjanto បញ្ជាក់ដូច្នេះថា «យើងបានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសអូស្ត្រាលី ដោយសារតែបញ្ហាបច្ចេកទេស ហើយយើងត្រូវការពេលវេលាដើម្បីពិភាក្សាគ្នាបន្ថែមទៀត»។
គួរបញ្ជាក់ថាបើតាមលោក Wurjanto កិច្ចសហប្រតិបត្តិការរវាងឥណ្ឌូណេស៊ី និងអូស្ត្រាលី អាចនឹងចាប់ផ្ដើមឡើងវិញនៅពេលបញ្ហាទំាងឡាយត្រូវបានដោះស្រាយរួចរាល់ ប៉ុន្តែលោកមិនបានបញ្ជាក់ពីភាពលម្អិតក្នុងរឿងនេះឡើយ៕