(មីយ៉ាន់ម៉ា)៖ រូបភាពទារកជនជាតិដើមភាគម៉ូស្លីមរ៉ូហីងយ៉ាម្នាក់ ដែលបានរបូតចេញពីដៃម្ដាយទៅក្នុងទឹកទន្លេនិងអណ្ដែតមកទើលើភក់នៅអំឡុងពេលរត់គេចចេញពីអំពើហិង្សានៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យគេនឹកឃើញឡើងវិញនូវរូបភាពរបស់ក្មេងប្រុសជាជនភៀសខ្លួនស៊ីរី អាឡាំង ឃឺឌី (Allan Kurdi) ដែលបានស្លាប់ដោយសារលង់ទឹកនៅឆ្នេរសមុទ្រ ប្រទេសតួកគី កាលពីខែកញ្ញា ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
ទារកខាងលើជាជនជាតិដើមភាគតិចម៉ូស្លីមរ៉ូហិនយ៉ា មានឈ្មោះថា មហាំម៉ាត់ សូហាយេត (Mohammed Shohayet ) អាយុ ១៦ខែរួមទាំង ម្ដាយ ឪពុកមា និងបងប្រុសអាយុ ០៣ឆ្នាំបានលង់ទឹកស្លាប់ ខណៈពេលជិះទូកឆ្លងទឹកទន្លេឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស។ ថ្លែងប្រាប់ CNN ទាំងអារម្មណ៍ក្ដុកក្ដួលឪពុករបស់ មហាំម៉ាត់ គឺលោក ហ្សាហ្វ័រ អាឡំា (Zafor Alam) ដែលព្រាត់ប្រាស់ពីគ្រួសារ និងកំពុងស្ថិតនៅជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសបាននិយាយថា «នៅពេលដែលខ្ញុំបានឃើញរូបភាពកូនរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ចង់ទៅស្លាប់ ហើយរហូតដល់គិតថាខ្ញុំគ្មានហេតុផលអ្វីត្រូវរស់នៅលើផែនដីនេះទៀតទេ ព្រោះប្រពន្ធ និងកូនទាំងពីរជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់បាត់ទៅហើយ... នៅក្នុងភូមិរបស់យើង ឧទ្ធម្ភាគចក្របានបាញ់ប្រហារមកលើពួកយើង រីឯយោធាមីយ៉ាន់ម៉ាក៏បានបាញ់ប្រហារមកពួកយើងផងដែរ ដូច្នេះយើងមិនអាចរស់នៅក្នុងផ្ទះរបស់យើងបានឡើយ ទើបសម្រេចចិត្តរត់ភៀសខ្លួនចូលទៅក្នុងព្រៃ»។
លោក អាឡំា បន្ថែមថា «ជីតានិងជីដូនរបស់ខ្ញុំត្រូវគេដុតសម្លាប់ហើយភូមិរបស់ខ្ញុំត្រូវបានយោធាដុតបំផ្លាញ»។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមីយ៉ាន់ម៉ា បានបដិសេធដោយអះអាងថាឧទ្ធម្ភាគចក្រយោធា ដែលហោះពីលើភូមិជនជាតិដើមភាគតិចរ៉ូហីងយ៉ាក្នុងរដ្ឋ Rakhine គឺជាផ្នែកមួយនៃប្រតិបត្តិការជួយសង្រ្គោះតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោក ហ្សាហ្វ័រ អាឡំា បានព្រាត់ប្រាសពីគ្រួសារនៅអំឡុងពេលរត់ភៀសខ្លួនទៅកាន់ទន្លេ Naf River ដែលហូរកាត់រវាងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា៕