(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដ៏ល្បីល្បាញខាងផ្នែកបង្ហោះគ្រាប់រ៉ុកែ្កត «SpaceX» នៅសហរដ្ឋអាមេរិកបានប្រកាសថានឹងចាប់ផ្តើមប្រតិបត្តិការបង្ហោះគ្រាប់រ៉ុក្កែត «Falcon 9» នៅថ្ងៃទី០៨ ខែមករានេះ ស្របពេលដែលការស៊ើបអង្កេតជុំវិញករណីផ្ទុះឆេះគ្រាប់រ៉ុក្កែត Falcon កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅបានឈានដល់ទីបញ្ចប់។ នេះបើតាមការដកស្រង់ពីសារព័ត៌មានរុស្ស៉ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
តាមរយៈសេចក្តីថ្លែងការណ៍ក្រុមហ៊ុន SpaceX កំពុងកំណត់គោលដៅថានឹងវិលត្រឡប់ទៅរកការហោះហើរនៃគ្រាប់រ៉ុក្កែត Falcon 9 ពីស្ថានីយ៍បង្ហោះយានអវកាស SLC-4E ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វរញ៉ានាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ ហើយនឹងភ្ជាប់ទៅជាមួយដោយផ្កាយរណបចំនួន ១០គ្រឿងដើម្បីបញ្ជូនទៅកាន់គន្លងគោចរសម្រាប់ក្រុមហ៊ុន Iridium Communications Inc.។
គួរបញ្ជាក់ថាក្រុមហ៊ុន SpaceX ដែលត្រូវបានបង្កើតឡើងដោយលោកមហាសេដ្ឋី Elon Musk កន្លងមកគឺជាមុខមាត់នៃវិស័យមុខជំនួញទីអវកាសរបស់សហរដ្ឋអាមេរិក ហើយវាត្រូវបានជួលដោយទីភ្នាក់ងារអវកាស NASA ដើម្បីបង្ហោះដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ឬហៅកាត់ថា ISS ដោយប្រើប្រាស់គ្រាប់រ៉ុក្កែក Falcon 9 និងយានដឹកទំនិញ Dragon។
សម្រាប់ការបង្ហោះគ្រាប់រ៉ុកែ្កត ទៅកាន់គន្លងនៃភពផែនដីរបស់ក្រុមហ៊ុនមួយនេះត្រូវបានបន្តផ្អាករហូតមកចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាពេលដែលបញ្ហាបច្ចេកទេសដ៏ធ្ងន់ធ្ងរមួយ បានបំផ្លាញគ្រាប់រ៉ុក្កែត Falcon 9 ដែលតម្លៃ ៦២លានដុល្លាររួមជាមួយនិងផ្កាយរណបទំនាក់ទំនងរបស់ប្រទេសអ៉ីស្រាអែល ដែលតម្លៃ ២០០លានដុល្លារក្នុងមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ៕