(អាមេរិក)៖ ប្អូនស្រីបង្កើតរបស់អតីតកំពូលតារាចម្រៀងអាមេរិក Michael Jackson ឈ្មោះ Janet Jackson នាថ្ងៃពុធនេះទើបតែសម្រាលបានកូនជាលើកដំបូង បំផុតនៅ ក្នុងវ័យចំណាស់ ៥០ឆ្នាំទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៧។
អ្នកតំណាងរបស់លោកស្រី Janet ដែលមានអាជីពជាតារាចម្រៀងដូចបងប្រុសដែរនោះបានថ្លែងប្រាប់ទស្សនាវដ្តី People ដូច្នេះថា «លោកស្រី Janet Jackson និងស្វាមី លោក Wissam Al Mana មានអារម្មណ៍រំភើបញាប់ញ័រ និងសប្បាយរីករាយក្រៃលែងក្នុងការទទួលស្វាគមន៍ កូនប្រុសរបស់ពួកគេដែលមានឈ្មោះថា Eissa Al Mana មកកាន់ពិភពលោកនេះ ខណៈការសម្រាលបុត្ររបស់លោកស្រី Janet បានប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានបញ្ហាអ្វីឡើយ ហើយលោកស្រីក៏កំពុងតែសម្រាកយកកម្លាំងប្រកបដោយផាសុខភាពជាទីបំផុតដែរ»។
គួរបញ្ជាក់ថា លោកស្រី Janet Jackson និងស្វាមី Al Mana ដែលជាអ្នកជំនួញជនជាតិ Qatari បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីឆ្នាំ២០១២ ហើយលោកស្រីពុំបានបញ្ជាក់លម្អិតអំពីការពពោះរបស់លោកស្រី ឬមួយក៏កន្លែងសម្រាលបុត្រនោះឡើយ ខណៈដែលអាជីពជាអ្នកចម្រៀងរបស់លោកស្រីក៏ហាក់មានភាពស្ងប់ស្ងាត់រួចទៅ ហើយដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយលោកស្រីរៀបការនោះ៕