(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រជាជនខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍យ៉ាងពេញទំហឹងទៅលើគំរោងអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ០៥ឆ្នាំរបស់ជាតិដោយផ្អែកតាមគោលការណ៍នៃការពឹងពាក់លើខ្លួនឯង នៅចំពោះមុខនៃការដាក់ទណ្ឌកម្មដ៏ធ្ងន់ៗពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun បានបញ្ជាក់ថា ឆ្នាំ២០១៧នេះគឺជាឆ្នាំដ៏មានន័យអស្ចារ្យនិងល្អប្រសើរជាទីបំផុតសម្រាប់ការអនុវត្ត គំរោងយុទ្ធសាស្រ្តនៃការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរយៈពេល០៥ឆ្នាំ ដែលត្រូវបានដាក់ចេញដោយប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន នៅក្នុងសមាជដ៏ធំមួយរបស់បក្សកាលពីខែឧសភា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើងត្រូវគេព្យាករណ៍ថាបានធ្លាក់ចុះក្នុងអត្រា ១.១ភាគរយនៅឆ្នាំ២០១៥ ហើយអត្រានេះប្រហែលជាអាចថយចុះបន្តទៀតនៅក្នុងឆ្នាំ២០១៦ ដោយសារតែប្រទេសកុម្មុនិស្តមួយនេះ បានទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាច្រើនពីអង្គការសហប្រជាជាតិ ចំពោះការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ និងការបាញ់សាកល្បងគ្រាប់មីស៊ីល៕