(ឡុងដ៍)៖ ប្រទេសចិនបានចាប់ផ្តើមបណ្តាញខែ្សរថភ្លើងដឹកជញ្ជូនដំបូងបំផុតរបស់ខ្លួន ដែលមានគោលដៅទៅកាន់ទីក្រុងឡុងដ៍ ដោយចេញពីក្រុងយីវូ (Yiwu) ដែលជាទីផ្សារលក់ដុំដ៏ល្បីល្បាញមួយនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
រថភ្លើងនឹងធ្វើដំណើរក្នុងរយៈពេល ១៨ថ្ងៃនៅលើផ្លូវចម្ងាយជាង ១២,០០០គីឡូម៉ែត្រដើម្បីឆ្ពោះទៅដល់ចក្រភពអង់គ្លេសពីប្រទេសចិន ហើយវានឹងឆ្លងកាត់ប្រទេសមួយចំនួនរួមមាន កាហ្សាក់ស្តង់ រុស្ស៉ី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ ប៊ែលហ្សិក និងបារាំង មុនពេលទៅដល់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។
គួរបញ្ជាក់ដែរថាអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron បានបង្កការមិនពេញចិត្តមួយចំនួនដល់ប្រទេសជាសម្ព័ន្ធមិត្ត ដោយការដាក់ចក្រភពអង់គ្លេសធ្វើជាផ្លូវចេញចូលដ៏លេចធ្លោទៅកាន់អឺរ៉ុបសម្រាប់ការបណ្តាក់ទុនវិនិយោគពីប្រទេសចិន ហើយលោកស្រី Theresa May បាននិយាយថាទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែល្អជានិច្ច ស្របពេលដែលលោកស្រីកំពុងព្យាយាមប្រមូលយកប្រាក់ចំណូលរាប់ពាន់លានដុល្លារនៅក្នុងការបណ្តាក់ទុនវិនិយោគរបស់អ្នកជំនួញចិន ខណៈអង់គ្លេសកំពុងរៀបចំខ្លួនចាកចេញពីសហភាពអឺរ៉ុប៕