(ប៉េកាំង)៖ ប្រធានក្រុមហ៊ុនប្រព័ន្ធទំនាក់ទំនងសង្គម Twitter ប្រចាំប្រទេស ចិន បានប្រកាសលាឈប់ បន្ទាប់ពីការកាន់ដំណែងទើបតែបានរយៈពេល៨ខែ ដែលនេះជាករណីលាឈប់ថ្មីមួយ ក្នុងពេលដែលពិភពលោកកំពុងចាប់ផ្តើមទទួលស្គាល់ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ។
ការលាលែងរបស់នាយកប្រតិបត្តិរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសកាលពីខែតុលាអំពីការខាតបង់របស់ខ្លួន។ ប្រាក់ចំណេញបានក្លាយជាបញ្ហាប្រឈមមួយ សម្រាប់ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ ដោយប្រាក់ចំណូលបានកើនឡើងយឺតបំផុត។
ក្នុងសារមួយ ដែលសរសេរឡើងកាលពីថ្ងៃទី៣១ ខែធ្នូកន្លងទៅនេះ ប្រធានគ្រប់គ្រងក្រុមហ៊ុនប្រចាំប្រទេស ចិន លោកស្រី Kathy Chen បានប្រកាសពីការចាកចាញរបស់ខ្លួន ប៉ុន្តែបញ្ជាក់ថា ការិយាល័យក្រុមហ៊ុន Twitter ប្រចាំទីក្រុងហុងកុងនៅតែបន្តបើកទ្វា។
គួររំលឹកផងដែរថា ប្រព័ន្ធ Twitter ក្នុងប្រទេស ចិន ត្រូវបានបិទចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លោកស្រី Chen ត្រូវបានគេតែងតាំងដើម្បីជួយអូសទាញអតិថិជនចិន ដែលត្រូវការផ្សព្វផ្សាយពាណិជ្ចកម្មបន្ថែម។ ការតែងតាំងលោកស្រី បានរងការរិះគន់ជាខ្លាំងដោយសារកន្លងមក លោកស្រី ធ្លាប់បម្រើការងារដែលជាប់ពាក់ព័ន្ធនឹងវិស័យយោធា។ អ្នករិះគន់បានលើកឡើងថា សារដែលនាងបង្ហោះម្តងៗ ហាក់ឆ្លុះបញ្ជាំងពីភាពទន់ខ្សោយ ក្នុងទំនាក់ទំនងជាមួយក្រុមការងារ Twitter និងភាពគ្មានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។
ក្នុងសារទាំងនោះ ហាក់មិនបង្ហាញពីការពង្រីកយុទ្ធសាស្ត្រ Twitter ឬការបង្កើតកិច្ចខិតខំប្រឹងប្រែងណាមួយ ក្នុងការជម្រុញធ្វើយ៉ាងណាឱ្យប្រព័ន្ធទំនាក់ទំនងនេះ អាចប្រើប្រាស់ ដោយសេរីក្នុងប្រទេសចិន វិញនោះឡើយ។ តែនាងធ្លាប់បានសរសេរថា ប្រព័ន្ធ Twitter នៅតែបន្តប្តេជ្ញាបម្រើលើកិច្ចការជម្រុញទីផ្សារប្រទេស ចិន និងផ្តោតការយកចិត្តដាក់ក្នុងការបម្រើដល់អតិថិជនបំណងចង់ប្រលូកក្នុងទីផ្សារអន្តរជាតិ។
នៅក្នុងប្រព័ន្ធ Twitter កាលពីចុងសប្តាហ៍នេះ លោកស្រី Chen បានបញ្ជាក់ថា បន្ទាប់ពីការលាលែងនាងនឹងប្រើប្រាស់ពេលវេលាដើម្បីបង្កើនថាមពលជាថ្មី សិក្សាបន្ថែមអំពីវប្បធម៌អន្តរជាតិ និងជម្រុញឱកាសរបស់ខ្លួន ក្នុងវិស័យពាណិជ្ចកម្មអន្តរជាតិ៕