(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការរិះគន់ចំពោះការបោះជំហ៊ានថ្មីមួយរបស់សភាជាតិអាមេរិក ក្នុងការចាត់វិធានការសំដៅកាត់បន្ថយឥទ្ធិពលរបស់គណៈកម្មការឯករាជ្យទទួលបន្ទុកឃ្លាំមើលក្រមសីលធម៌ ដែលប្រការនេះនឹងផ្តល់ឲ្យអ្នកតំណាងរាស្រ្តទាំងអស់នូវសិទ្ធិគ្រប់គ្រង យ៉ាងធំធេងទៅលើគណៈកម្មការឯករាជ្យមួយនេះ ដែលមានតួនាទីតាមដាន និងស៊ើបអង្កេតលើការប្រព្រឹត្តក៏ដូចជា អាកប្បកិរិយារបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter តាមរយៈគណនីផ្លូវការលោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «ជាមួយនឹងអ្វីៗទាំងឡាយដែលសមាជិកសភា ត្រូវធ្វើការចាត់ចែង តើចាំបាច់ណាស់ឬយ៉ាងណាដែលពួកគេត្រូវតែសម្រេចកាត់បន្ថយអំណាចរបស់គណៈកម្មការឯករាជ្យឃ្លាំមើលក្រមសីលធម៌ ទោះបីជាវាពុំសូវមានតម្លាភាពក្តី»។
គួរបញ្ជាក់ថា នាយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) សភាជាតិអាមេរិកដែលគ្រប់គ្រង ទៅដោយសមាជិកគណបក្សសាធារណរដ្ឋ បានបោះឆ្នោតនៅក្នុងសំឡេង ១១៩-៧៤ ក្នុងអំឡុងនៃកិច្ចប្រជុំសម្ងាត់មួយ ដើម្បីគាំទ្រសំណើរបស់អ្នកតំណាងរាស្រ្តនៃរដ្ឋ Virginia មកពីបក្សសាធារណរដ្ឋគឺលោក Bob Goodlatte ដែលនឹងទម្លាក់ឥទ្ធិពលរបស់ការិយាល័យឯករាជ្យ នៃក្រមសីលធម៌សភា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាជិកសភាទៅវិញ ហើយទង្វើនេះបានធ្វើមានការខឹងសម្បារ និងមិនពេញចិត្តជាខ្លាំងនៅក្នុងចំណោមអ្នកតំណាងរាស្រ្ត នៃបក្សប្រជាធិបតេយ្យ និងអង្គការឃ្លាំមើលក្រមសីលធម៌ផ្សេងៗដទៃទៀត៕