(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះបានសម្រេច តែងតាំងលោកមេធាវី Robert Lighthizer ដែលមានបទពិសោធន៍ ខ្ពស់ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ក្នុងវិស័យឧស្សាហកម្មដែកថែប និងជាអ្នករិះគន់មិនសំចៃមាត់មួយរូបនៃរបៀបធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ធ្វើជាប្រធាន ការិយាល័យនៃអ្នកតំណាងកិច្ចចរចាពាណិជ្ជកម្មអាមេរិក (USTR) ដែលទទួលបន្ទុកធានាឲ្យបាននូវកិច្ចព្រមព្រៀងនានា ដែលមានភាពប្រសើរជាងមុន ដោយសំដៅ កាត់បន្ថយឱនភាព នៃពាណិជ្ជកម្មអាមេរិក នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានប្រកាសពីការជ្រើសរើសរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមរយៈក្រុមចាត់ចែងកិច្ចការផ្ទេរតំណែងរបស់លោកដោយបានថ្លែងថា លោក Robert Lighthizer នឹងអាចខិតខំប្រឹងប្រែងជួយធ្វើយ៉ាងណាឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលល្អៗ និងមានផលប្រយោជន៍ ដែលគិតគូរពីប្រជាជនអាមេរិកជាមុន។
គួរបញ្ជាក់ថា លោក Lighthizer គឺជាអតីតអនុប្រធានរបស់ USTR នៅក្រោមរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan។ ដៅឡែកលោក ដូណាល់ ត្រាំ នៅសល់តែជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះនឹងធ្វើការស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិកជាផ្លូវការហើយ៕