(អង់គ្លេស)៖ អគ្គរដ្ឋទូត​របស់ចក្រភពអង់គ្លេស​ប្រចាំនៅសហភាពអឺរ៉ុបលោក Ivan Rogers បានសម្រេច​លាលែង​ពីតំណែង​ដោយ​គ្មាន​​នរ​ណា​ម្នាក់​បានរំពឹង​ទុកជាមុន​នោះឡើយ នៅប៉ុន្មាន​សប្តាហ៍ក្រោយ​ពេលដែល​លោកបានទទួល​រងការរិះគន់ជុំវិញ​សារបែកធ្លាយមួយ ដែលបាន​​លើក​​ឡើងថា Brexit (ការចាកចេញរបស់អង់​គ្លេសពីសហភាពអឺរ៉ុប) អាចចំណាយ​ពេលយូរជាងការគ្រោង​ទុកដើម្បីសម្រេចទៅបាន។ នេះ​​បើ​​តាម​​ការ​ចេញ​ផ្សាយ​​ដោយ​សារ​ព័ត៌មាន​ BBC នៅយប់ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

លោក Ivan ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអ្នកតំណាងអចិន្រ្តៃយ៍ប្រចាំ EU ដោយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron កាលពីឆ្នាំ២០១៣នោះ ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់នៅពេលលោកស្រី Theresa May ចាប់​ផ្តើម​ដំណើរ​ការ​នី​តិ​វិធី​នៃ​កិច្ច​ចរ​ចា​ស្តី​អំពី​ Brexit ជាមួយនឹងសហភាពអឺរ៉ុប ដែលអាច​នឹងត្រូវ​ធ្វើឡើងនៅក្នុងពេលប៉ុន្មានខែឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថាលោក Ivan Rogers មិនបានបកស្រាយពីហេតុផលនៅពីក្រោយសម្រេចចិត្តយ៉ាងដូច្នេះឡើយ ខណៈពេលដែលលោកបានផ្តល់​ដំណឹងទៅ​ឲ្យមន្រ្តីក្រោម​ឱវាទទាំងអស់ ដោយលោក Ivan បានត្រឹមបញ្ជាក់ថា​ការលាលែងពីតំណែង​របស់លោកគឺគ្រាន់តែ​ត្រូវបានធ្វើឡើង​មុន​ពេលបន្តិច​ប៉ុណ្ណោះនៃ​កាលបរិច្ឆេទ​ដែលរូបលោក​បាន​រៀបចំ​ទុកជាមុនក្នុង​ការចាកចេញ។ ដោយឡែកលោក Ivan Rogers ត្រូវកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូតអង់គ្លេស​ប្រចាំ EU រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០១៧៕