(អ៊ីស្តង់ប៊ុល)៖ ជនបរទេសចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងប៉ូលិសតួកគី នៅឯអាកាសយានដ្ឋាន Ataturk ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយករណីវាយប្រហារដោយការបាញ់រះ ដែលបានសម្លាប់ជីវិតមនុស្សសរុបចំនួន៣៩នាក់នៅក្នុងក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុលនាយប់ថ្ងៃឆ្លងឆ្នាំសកល ខណៈខ្មាន់កាំភ្លើងត្រូវបានគេជឿជាក់ថាប្រហែលជាធ្លាប់បានទទួលការហ្វឹកហ្វាត់នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ខ្មាន់កាំភ្លើងដែលបានប្រព្រឹត្តអំពើដ៏ឃោរឃៅរនេះ កំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ បន្ទាប់ពីបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗនៅពេលភាពចលាចលបានផ្ទុះឡើង ហើយបើយោងតាមសារព័ត៌មានតួកគី Haberturk ការស៊ើបអង្កេតរបស់ប៉ូលិសបានលាតត្រដាងថា ជនប្រដាប់អាវុធម្នាក់នេះបានធ្វើដំណើរពីស៊ីរីចូលមកក្នុងប្រទេសតួកគី ហើយឆ្ពោះទៅកាន់ទីក្រុង Konya ដែលស្ថិតនៅភាគកណ្តាលប្រទេសកាលពីខែវិច្ឆិកាឆ្នាំមុននេះ ដោយបានអមដំណើរទៅជាមួយភរិយានិងកូនៗចំនួនពីរនាក់ផងដែរ ដើម្បីកុំឲ្យមានការសង្ស័យផ្សេងៗ។
ជាមួយគ្នានេះដែរប្រភពមួយពីកម្លាំងការពារសន្តិសុខជាតិតួកគីបានបង្ហើបឲ្យដឹងទៀតថា «ជនដៃដល់នោះបានបទពិសោធន៍ក្នុងការប្រយុទ្ធគ្នាយ៉ាងជាក់ច្បាស់... គេប្រហែលជាអាចធ្លាប់បានធ្វើការប្រយុទ្ធតតាំងគ្នានៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ» ខណៈមនុស្សចំនួន០៨នាក់ហើយត្រូវបានចាប់ខ្លួនជុំវិញករណីភេរវកម្មនេះ។
គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាម ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកដែលនៅពីក្រោយខ្នងនៃអំពើភេរវកម្ម នាយប់ថ្ងៃឆ្លងឆ្នាំសកល នៅឯក្លឹបកម្សាន្តពេលរាត្រីដ៏ធំមួយឈ្មោះថា Reina ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី នៅចំពេលដែលមនុស្សរាប់រាយកំពុងជួបជុំគ្នាយ៉ាងសប្បាយរីករាយដើម្បីរង់ចាំអបអរឱកាសចូលឆ្នាំថ្មី៕